ក្រោយលេចមុខក្នុងរឿង«អំណាចទឹកប្រាក់» តារាសម្ដែង ព្រីយ៉ា ប្រកាសជំហរ

0

តារាសម្ដែងកញ្ញា ព្រីយ៉ា ទើបតែត្រូវគេឃើញបង្ហាញមុខក្នុងពិភពសម្ដែងនាមួយរយៈពេលខ្លីប៉ុណ្ណោះ តែតារាស្រីរូបនេះ កញ្ចក់បានទីផ្សារគួរអោយកត់សម្គាល់ ដោយសារតែនាងត្រូវបានផលិតករបង្ហើបថាមានទេពកោសល្យខ្ពស់ និងមានទម្រង់មុខស្រដៀងកូនកាត់អឺរ៉ុប។

ជាមួយនឹងឱកាសសម្ដែងក្នុងរឿង«អំណាចទឹកប្រាក់»ដែលជាភាពយន្តបើកឆាកក្នុងអាជីពសិល្បៈ តារារូបនេះប្រកាសជំហរ។

កញ្ញា ព្រីយ៉ា បញ្ជាក់ថា ក្នុងចំណោមបងប្អូនទាំង៧នាក់របស់នាង មានតែនាងប៉ុណ្ណោះដែលបានបោះជំហានក្នុងការងារសិល្បៈ ហើយទទួលបានផ្លែផ្កាទាំងនាងមិនធ្លាប់បានប្រឡូកការប្រលង និងគ្មានការជ្រោមជ្រែង។ នាងថាក្លាយខ្លួនជាតារា គឺដោយសារតែមានផលិតករមួយរូបផ្ដល់ឱកាសអោយនាងបានសម្ដែង ហើយក្រោយពីឃើញនាងមានសមត្ថភាពអាចបត់បែនបានច្រើនទម្រង់ ក៏មានការផ្ដល់ឱកាសជាបន្តបន្ទាប់។ កញ្ញាត្រូវបានមហាជនកត់សម្កាល់តាមរយៈការសម្ដែងក្នុងបទចម្រៀងមួយចំនួនដូចជា បទ«នឹកបងកន្លែងចាស់»និងបទ«ដើម្បីមនុស្សខ្ញុំស្រឡាញ់»របស់តារាចម្រៀង កញ្ញា ឆាយ សុវណ្ណារី បទ«បើបងក្បត់អូនអ្នកណាទទួលខុសត្រូវ» និងបទ«គ្មានការស្រឡាញ់ណាធំជាងការស្រឡាញ់របស់ឪពុកម្ដាយ»របស់តារាចម្រៀងកញ្ញា លីនដា និងបទ«កំដរខ្ញុំបន្តិចបានទេ» របស់កញ្ញា សួស វីហ្សា ក្នុងផលិតកម្មហង្សមាស។ អ្វីដែលជាផ្លែផ្កាក្នុងតំណែងជាតារាសម្ដែងដែលនាងដណ្ដើមបានទៀតនោះ គឺកញ្ញាត្រូវបានផលិតកររឿង«អំណាចទឹកប្រាក់» គឺលោកផាត់យុទ្ធ ជ្រើសអោយសម្ដែងជាតួអង្គសំខាន់មួយក្នុងរឿងនេះ បើទោះជាបានដឹងថានាងមិនធ្លាប់សម្ដែងភាពយន្តកន្លងមក។ ក្នុងនោះការងារដើរបង្ហាញម៉ូដ និងការងារថតស្ពតជាដើម ក៏ធ្វើអោយនាងទទួលបានឱកាសលេចធ្លោស្របគ្នាផងដែរ ទើបធ្វើអោយតារាស្រីរូបនេះ លេចធ្លោក្នុងពិភពសម្ដែងគួរសម ដោយមិនប្រើពេលយូរ។

កញ្ញា ព្រីយ៉ា និយាយថា នាងស្រឡាញ់ការងារសិល្បៈជាយូរមកហើយ ទើបក្រោយមានឱកាសបានចូលសម្ដែងក៏ឈោងចាប់ការងារសិល្បៈទាំងព្រមតែម្ដង មិនថាការងារសម្ដែង ការងារដើរម៉ូដ ថតម៉ូដ និងពិធីការិនី។ នាងថាខ្លួននាងស្រវាស្រទិញការងារសិល្បៈអោយបានជោគជ័យ បើទោះជានាងមិនបានប្រើពេលយូរ និងខ្វះបទពិសោធន៍មិនដូចតារារៀមច្បង។ យ៉ាងណាមិញ នាងថាត្រូវការពេលវេលាហ្វឹកហាត់ ដោយហាត់ពត់សមត្ថភាពតាមតារារៀមច្បង និងផលិតករជាច្រើនបន្ថែមទៀត ដើម្បីអោយសមត្ថភាពសម្ដែង និងទេពកោសល្យសិល្បៈរបស់នាងមានការឈានឡើង។ នាងប្រកាសមិនរុញរានឹងការងារសិល្បៈ ដោយដកថយនៅពេលជួបប្រទះនឹងការលំបាកក្នុងពេលចេញសម្ដែង ឬទទួលការងារសិល្បៈនោះទេ ដោយសារតែនេះគឺជាអ្វីដែលនាងស្រឡាញ់ពេញចិត្ត និងចង់ធ្វើអោយខ្លួនទទួលជោគជ័យក្នុងការងារសិល្បៈ។ នាងសម្ដែងអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលផលិតកររឿង«អំណាចទឹកប្រាក់»ជ្រើសអោយសម្ដែង ដោយនាងបញ្ជាក់ថានឹងបញ្ចេញទេពកោសល្យអោយអស់សមត្ថភាពដើម្បីសម្ដែងតួអង្គកាចឆ្នាស់ឆ្នើម តួកម្សត់ ឬតួច្រឡឺម អោយបានល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here