អេ រដ្ឋា រំកិលខ្លួនចូលក្រុម១៦នាក់ជាថ្មី

0

ការប្រកួតជម្រើសជើងឯក TV5 BOXING KNOCKOUT SERIES BY K-CEMENT នាពេលកន្លងមក កីឡាករជើងខ្លាំង អេ រដ្ឋា ធ្លាប់បានឡើងដល់វគ្គ៨នាក់ក្នុងចំណោម៣២នាក់ម្ដងហើយ ប៉ុន្តែដោយសារតែប៉ះដៃគូខ្លាំង ទើបធ្លាក់ហាលអាវក្នុងវគ្គ៤នាក់។ យ៉ាងណាមិញ ការប្រកួតកាលពីល្ងាចថ្ងៃទី៣ វិច្ឆិកា មុននេះ គេទទួលបានផ្លែផ្កាជាថ្មីទៀតហើយ ដោយបានឆ្លងផុតការជម្រុះក្នុងវគ្គ៣២នាក់យក១៦នាក់ ដែលមានន័យថា គេបានរំកិលខ្លួនសម្រាប់រដូវកាលនេះម្ដងទៀតហើយ។

ការបប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនប៉ុស្ដិ៍លេខ៥ នៅព្រែកកំពិសនេះ ធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍តាំងពីដើមទីតែម្ដង ដោយសារតែការជម្រុះសប្ដាហ៍ទី២ដែលទើបធ្វើឡើង គឺកីឡាករជើងខ្លាំង ត្រូវគេឃើញប៉ះជាមួយជើងខ្លាំងតែម្ដង ដែលមានន័យថាអ្នកមហាជនគិតថាខ្សោយក៏បានត្រៀមខ្លួនក្លាយជាខ្លាំង ដើម្បីដណ្ដើមឱកាស។ អេ រដ្ឋា ត្រូវគេឃើញប៉ះប្រកួតជាមួយកីឡាករ ង៉ែត វុធ ដែលជាកីឡាករជើងថ្មី ប៉ុន្តែមានបច្ចេកទេសល្អមិនធម្មតា ដោយគេមានកណ្ដាប់ដៃក៏ខ្លាំង កែងក៏ល្អ ហើយបើនិយាយពីជំហរ និងការទាត់ធ្វេងស្ដាំវិញ គឺ អេ រដ្ឋា ចង់រាគម្ដងៗ។ ដ្បិតថាបង្គោលខៀវ អេ រដ្ឋា ឈ្នះប្រៀបត្រង់វាយអោយ ង៉ែត វុធ បែករយះ ប៉ុន្តែគេនៅតែមើលឃើញពិន្ទុរបស់អ្នកទាំងពីរប្រកៀកប្រកិតគ្នាប៉ុណ្ណោះ គឺមិនមែនឈ្នះដាច់នោះទេ។ មួយគូនេះវាយទៅវាយមក ធ្វើអោយអ្នកទស្សនាជក់ចិត្តយ៉ាងខ្លាំង ហើយកីឡាករ ង៉ែត វុធ ក៏ធ្វើអោយអ្នកគាំទ្រអស់ចិត្តណាស់ដែរ ក្រោយគេចាញ់ពិតមែន ប៉ុន្តែគេបានធ្វើអោយ អេ រដ្ឋា ត្រដរខ្យល់ម្ដងៗ។ យ៉ាងណាមិញ កីឡាករ បង្គោលខៀវ ក៏ទទួលបានការសរសើរមិនតិចដែរ ដែលប៉ះអ្នកខ្លាំង ហើយនៅតែអាចមានប្រៀប ដោយបានឈ្នះហើយបានឈានឡើងទៅវគ្គបន្ត ដោយទម្លាក់បង្គោលក្រហម អោយហាលអាវ។

អេ រដ្ឋា សម្ដែងអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដោយគេថាបើចាញ់ការប្រកួតនេះវិញ គឺពិតជាសោកស្ដាយខ្លាំង ដោយសារតែគេធ្លាប់បានឡើងទៅវគ្គ៨នាក់ម្ដងហើយ ដែលមិនគួរមកចាញ់ការប្រកួតលើកនេះបាន។

លោកថានឹងប្រឹងប្រែងអោយបានឈានឡើងក្នុងការប្រកួតបន្តបន្ទាប់ ប៉ុន្តែមិនហ៊ានសង្ឃឹមថានឹងបានបន្តទៅដល់វគ្គ៨នាក់ដូចមុន ឬអាចបានល្អលើសមុនឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here