ហ៊ុន សត្យា ថាសិល្បៈ នៅតែមិនសំខាន់ដល់ តៃក្វាន់ដូ

0

តាំងពីមានឱកាសថតភាពយន្ត និងថតស្ពតជាហូរហែរ គេកត់សម្គាល់ថា តារាសម្ដែងលោកហ៊ុន សត្យា មានឱកាសជាហូរហែរក្នុងការឈោងចាប់តំណែងតួឯក និងទីផ្សារសម្ដែង។ យ៉ាងណាមិញ លោកថានៅតែយល់ថាសិល្បៈសំខាន់មិនដល់អាជីពជាគ្រូបង្វឹកតៃក្វាន់ដូរបស់ខ្លួនឡើយ ទើបលោកសម្រេចចិត្តទទួលថតតែការងារសម្ដែងណាដែលអាចឆ្លៀតបាន ក្នុងកាលៈទេសៈដែលការងារសិល្បៈរបស់លោកមានទីផ្សារ។

គ្រូបង្វឹកតៃក្វាន់ដូវ័យក្មេង លោក ហ៊ុន តៃក្វាន់ បានអះអាងថា បើលោកចេះតែទទួលការសម្ដែង លោកប្រហែលមិនមានពេលសម្រាកនៅផ្ទះនោះទេ ប៉ុន្តែមកពីលោកទទួលថតតែការងារដែលមិនប៉ះពាល់ការបង្ហាត់តៃក្វាន់ដូ ទើបយូរៗបានទទួលការសម្ដែងម្ដង។ យ៉ាងណាមិញ លោកនៅតែមានឱកាសសម្ដែងតួឯកជាហូរហែរ ជាពិសេសក្នុងស្ពត និងបទចម្រៀងរបស់ផលិតកម្មថោន។ ដោយឡែកសម្រាប់ភាពយន្ត លោកបែរជាប្រកែកមិនសម្ដែងតួឯក ឬតួធំនោះទេ ដោយសារតែលោកអត់ពេលទទួល និងអាចមកពីយល់ថាការងារសិល្បៈ មិនសំខាន់ដល់ការងារកីឡា។ លោកថាចំណូលប្រចាំថ្ងៃ គឺការបង្ហាត់តៃក្វាន់ដូឯណោះទេ ដោយអាចអោយលោករកចំណូលបានមិនក្រោមពាន់ដុល្លារនោះទេ រាប់បញ្ចូលទាំងការបង្វឹកសិស្សតាមផ្ទះ ក្នុងក្លិប និងក្នុងគ្រឹះស្ថានឯកជនរាល់ថ្ងៃ។ អ៊ីចឹងហើយទើបលោកមិនអាចទទួលចេញថត ហើយធ្វើអោយការងាររបស់ខ្លួនត្រូវបាត់បង់ ដែលលោកបង្ហើបបើទោះជាទទួលថតកុនអោយស៊ប់ ក៏មិនអាចក្ដោបក្ដាប់ចំណូលបានស្មើអាជីពតៃក្វាន់ដូ។

លោក ហ៊ុន សត្យា បញ្ជាក់ថា លោកមិនចោលសិល្បៈនោះទេ គឺនៅតែទទួលថតសម្ដែង និងទទួលថតជាប្រចាំ ប៉ុន្តែបើការងារថតប្រើពេលយូរៗគឺលោកសុំបដិសេធតែម្ដង។ លោកក៏នៅតែមានអារម្មណ៍មោទនភាពផងដែរ ដែលលោកមិនទទួលថតកុនអស់មួយចំនួន ប៉ុន្តែនៅតែមានការងារថតជាហូរហែរ ជាពិសេសគឺតំណែងតួឯកក្នុងបទចម្រៀង។ លោកថាខ្លួនទើបតែបានថតជាតួអង្គឯកក្នុងបទ«ថាអត់ក្បត់មួយម៉ាត់ទៅ»របស់តារាចម្រៀង កញ្ញា លី អ៊ីវ៉ាធីណា ប៉ុណ្ណោះ ដោយក្នុងបទចម្រៀងនេះលោកមិនត្រឹមតែសម្ដែងជាតួអង្គក្បត់ប៉ុណ្ណោះទេ តែក៏បានសម្ដែងអោបថើបតួស្រីយ៉ាងស្រើបស្រាលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here