ដឹងពីជំហរហើយ មិនសរសើរ នាង វ៉ាងសាន់ មិនបាន

0

ខុសពីតារាភាគច្រើន ដែលបានល្បីឈ្មោះ ហើយប្រឡូកប្រឡាក់ខ្លួនក្នុងរឿងរ៉ាវអាស្រូវស្នេហា តារាសម្ដែង និងជាពិធីករហង្សមាសលេចធ្លោ បែរជាអះអាងថាលោកនៅតែមិនទាន់ចង់នោះទេ ដោយសារតែលោកគិតថាខ្លួនមិនទាន់ជោគជ័យដូចការចង់បាន។ មកទល់ពេលនេះ លោកនៅតែមិនទាន់ត្រូវបានមហាជនកត់សម្គាល់ថាមានលេចធ្លាយស្នេហាជាមួយនារីណាម្នាក់ធ្វើជាគូកំណាន់នោះទេ ដោយតាមគម្រោងគឺនឹងអាចបន្តពេលច្រើនឆ្នាំទៅមុខ ទើបអាចនឹងអោយលោកពិចារណា។

លោក នាង វ៉ាងសាន់ បានសារភាពថាអាជីពសិល្បៈសព្វថ្ងៃ មិនទាន់អោយលោកមានពេលគិតរឿងស្នេហាដែលមនុស្សភាគច្រើនជៀសមិនផុតនោះទេ ដោយសារតែលោកមិនមែនជាតារាសំបូរទ្រព្យ ហើយលោកក៏មិនមែនជាតារាដែលចូលចិត្តតោងមនុស្សស្រីដើម្បីហ៊ឺហារឡូយឆាយ។

លោកថារង់ចាំរហូតដល់ពេលណាដែលលោកអាចមានលទ្ធភាពបានល្អជាងនេះ ចាំស្ដីដណ្ដឹងនារីណាម្នាក់យកធ្វើជាប្រពន្ធតែម្ដង ជៀសវៀងបង្កើតរឿងរ៉ាវស្នេហាចុះឡើងៗ ហើយចុងក្រោយក៏មិនបានជួបគ្នានាំតែមានរឿងរ៉ាវអាស្រូវ។ លោកថាអ្នកណាក៏មិនអាចជៀសផុតនឹងមានស្នេហានោះដែរ ប៉ុន្តែបើមាននៅក្នុងកាលៈទេសៈមិនទាន់រឹងមាំ គឺលោកប្រកែកនឹងចិត្តខ្លួនឯងមិនទាន់អាចគិតតែម្ដង។ ម្យ៉ាងមកពីលោកចង់អោយការងារសិល្បៈ កាន់តែរឹងមាំជាងនេះសិន ទើបលោកមិនទាន់ខ្វល់។

លោក នាង វ៉ាងសាន់ សារភាពថា នៅក្នុងស្ថាប័នហង្សមាស លោកពិតជាត្រូវទូរស្សន៍មួយនេះលើកអោយស្មើមុខស្មើមាត់នឹងបណ្ដាពិធីករលេចធ្លោមួយរូបមែន ប៉ុន្តែលោកនៅតែយល់ថាខ្លួនឯងមិនទាន់ជោគជ័យនោះទេ ដោយសារតែលោករកបានសព្វថ្ងៃគឺបានតែទប់ទល់ក្នុងហាងផឹកស៊ី ដែលលោកសហការបើកជាមួយលោក ឈួន ពន្លឺ និងគ្រាន់តែទប់ទល់តម្រូវការផ្ទាល់ខ្លួន មិនទាន់អាចសល់អោយលោកងាកទៅគិតរឿងគូស្នេហ៍មួយមុខទៀត។

លោកថាថ្លែងដោយការលេងសើចថា«ការងារកំពុងតែរលូន បើអាល័យរញ៉េរញៃជាមួយអ្នកនេះជាមួយអ្នកនោះ អស់ល្មម ព្រោះតែមានស្នេហាយើងមានពេលណាចុះខេត្តស្រួលៗ គឺដឹងតែពិបាកហើយ ចឹងចាំថ្ងៃណាយើងធូរដែលមិនសូវពិបាកត្រូវទទួលការងារមិនហ៊ានសម្រាកដូចសព្វថ្ងៃ ចាំគិត!»។

គួរបញ្ជាក់ថា ដោយក្នុងចំណោមពិធីករល្បីៗរួមមានលោក ជា វិបុល លោក សាន វិសាល និង លោក សុខ រ៉ាស៊ី គឺលោកក៏ស្ថិតក្នុងលំដាប់ជួរមុខមួយរូបដែរនៅក្នុងស្ថាប័នហង្សមាសនាពេលចុងក្រោយ ប៉ុន្តែលោកនាង វ៉ាងសាន់ ត្រូវបានគេសម្គាល់ថាកាន់តែដាក់ខ្លួនជាងមិនទាន់មានឈ្មោះទៅទៀត ជាពិសេសជាមួយនឹងការរាក់ទាក់នៅចំពោះមុខតារាមិនសូវល្បី និងក្រុមផលិតករដែលធ្លាប់លើកស្ទួយអោយលោកមានមុខ។ ក្នុងនោះលោកក៏នៅតែបន្តទទួលការងារតូចតាច និងការងារសប្បុរសធម៌មិនមានកម្រៃ គួរអោយសរសើរផងដែរ បើធៀបនឹងតារាឡើងកូដស្រករក្រោយ ដែលមានឥរិយាបទកើតបុស្សក្លៀកចង់អស់មួយចំនួន។

អ៊ីចឹងហើយទើបជំហានសិល្បៈរបស់តារារូបនេះ ឈានឡើងជាលំដាប់ស្របគ្នាដែលតារាមួយចំនួន ម្ដងក៏មានទីផ្សារម្ដងក៏ស្ងាត់ ហើយខ្លះឡើងកូដស្របាលលោកដែរ ក៏ធ្លាក់កូដវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here