ហនុមាន និងភរិយា បញ្ចប់សកម្មភាព នៅជេតកុងតឺណឺ

0

បន្ទាប់ពីចំណាយពេលពេញ៣ថ្ងៃ ដើរតាមផ្សារអមដោយការតែងតួជាហនុមាន និងភរិយា សកម្មភាពឃោសនារឿងភាគឥណ្ឌាដ៏ល្បីល្បាញ ដែលទើបមកដល់ប៉ុស្ដិ៍លេខ៥ រឿង«សង្គ្រាមមហាទេពស្ដេចហនុមាន»ត្រូវបានបញ្ចប់ហើយ នៅផ្សារជេតកុងតឺណី ជិតកោះពេជ្រ កាលពីយប់ថ្ងៃទី១០ ឧសភា។ នេះជាយុទ្ធនាការថ្មីមួយ ដែលក្រុមតារាៗ និងក្រុមការរបស់ប៉ុស្ដិ៍លេខ៥ធ្វើឡើង ដើម្បីអោយភាពយន្តឥណ្ឌាដែលខ្លួនទិញសិទ្ធិ កាន់តែត្រូវបានសុះសាយក្នុងស្រទាប់មហាជន បន្ទាប់ពីភាពយន្តនេះត្រូវបានដាក់បញ្ចាំងហើយនៅរៀងរាល់ថ្ងៃច័ន្ទ ដល់សុក្រ នៅវេលាម៉ោង១១ព្រឹក។

លោក ហួង តារាមុនី ប្រធានផលិតកម្មវិធីប្រចាំនៅប៉ុស្ដិ៍លេខ៥ បានអះអាងថា ដោយសារតែភាពយន្ត«សង្គ្រាមមហាទេពស្ដេចហនុមាន»គឺជារឿងភាគល្បីល្បាញប្រចាំប្រទេសឥណ្ឌា និងប្រទេសថៃ ទើបប៉ុស្ដិ៍លេខសម្រេចធ្វើយុទ្ធនាការផ្សព្វផ្សាយដោយតម្រូវអោយតារាសម្ដែង និងផលិតកររបស់ខ្លួនតែងតួក្នុងរឿងហើយអោយដើរតាមផ្សារ។លោកថានេះជាភាពយន្តដែលប្រទេសឥណ្ឌាកើបផលចំណេញបានខ្លាំងប្រចាំឆ្នាំ ហើយក៏ជារឿងដែលប្រើដើមទុនផលិតរាប់លានដុល្លារ អមដោយការសម្រិតសម្រាំងគុណភាពផលិតមិនធម្មតាផងដែរ ដោយលោករំពឹងថាក្រោយបញ្ចប់យុទ្ធនាការចុះផ្សព្វផ្សាយតាមផ្សារ ភាពយន្តនេះនឹងល្បីមិនខុសគ្នាពីប្រទេសម្ចាស់ដើម និងនៅថៃ។ លោកហួង តារាមុនី បន្តថាយុទ្ធនាការចុះផ្សព្វផ្សាយតាមផ្សារនេះ ត្រូវបានចាប់ផ្ដើមកាលពីថ្ងៃទី៨ ឧសភា ដោយបើកឆាកនៅផ្សារធំថ្មី បន្ទាប់មកនៅផ្សារសុវណ្ណា ផ្សារតាខ្មៅ ផ្សារស្ទឹងមានជ័យ ផ្សាររាត្រីមាត់ទន្លេ ហើយបានបញ្ចប់យ៉ាងជោគជ័យ នៅផ្សារជេតកុងតឺណឺ បើទោះជាក្រុមការងារម្នាក់ៗសុទ្ធតែចង់បាក់កម្លាំងរៀងខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here