ខុសពីបណ្ដាភោជនីយដ្ឋានភាគច្រើន គេចាប់អារម្មណ៍ថា ភោជនីយដ្ឋាននៅកណ្ដាលភ្នំពេញមួយ ឈ្មោះសំបុក ដែលស្ថិតនៅកែងស្ដុប វត្តឧណ្ណាលោម ជាប់មាត់ទន្លេ មិនត្រឹមតែផ្ដោតលើមុខម្ហូបពិសេសៗ ដែលបណ្ដាហាងខ្លះមិនមានប៉ុណ្ណោះទេ តែក៏ផ្ដោតលើប្រយោជន៍ស្ត្រីជាធំនោះផងដែរ។ ភោជនីយដ្ឋានមួយនេះទាំងដេគ័រហាង ទាំងដេគ័រម្ហូប គឺយកគំនិតស្ត្រីជាបុគ្គលិកជាធំ ខណៈដែលក្នុងហាងទាំងមូល ក៏យកតែបុគ្គលិកជាស្ត្រី ហើយអោយស្ត្រីទាំងនោះរួមគ្នាបង្កើតគំនិតថ្មីទាំងមុខអាហារ ការរៀបចំហាង ដោយការរួមគ្នារបស់ស្ត្រីទាំងនោះ កំពុងធ្វើអោយហាងទាំងមូលមានការទទួលស្គាល់ ត្រឹមតែរយៈពេលខ្លី។
អ្នកស្រី សុខ គីមសាន ជាចុងភៅម្នាក់ប្រចាំហាង សំបុក បានអះអាងថា ការរៀបចំរបស់ហាងនេះ ថ្វីដ្បិតតែមើលទៅមានភាពទាក់ទាញ ដែលគួរតែជាស្នាដៃរបស់អ្នកជំនាញក្រៅស្រុក ប៉ុន្តែការពិតគឺជាការច្នៃប្រឌិតឡើងដោយអ្នកជំនាញជាកូនខ្មែរ ហើយច្នៃដោយយកគំនិតជារួមរបស់ស្ត្រីប៉ុណ្ណោះ។ ជាមួយនឹងគំនិតច្នៃប្រឌិតនេះហើយ ទើបធ្វើអោយបរិយាកាសហាងមើលទៅទន់ភ្លន់ និង ទាក់ទាក់ភ្នែក សូម្បីតែមុខម្ហូប ក៏មើលទៅទន់ភ្លន់។ អ្នកស្រីបន្តទៀតថា បណ្ដាភោជនីយដ្ឋានធំធំភាគច្រើន ច្រើនតែមានមេចុងភៅគឺជាបុរស ឬ អាចជាជនបរទេស ប៉ុន្តែសម្រាប់សំបុក គឺបង្កើតឡើងដើម្បីស្ត្រីសុទ្ធសាធ ដោយនៅក្នុងហាងគឺមាន តែស្ត្រីជាចុងភៅ ហើយបុគ្គលិកដដទៃទៀត សូម្បីតែបុគ្គលិករត់តុ ក៏ជាស្ត្រី ដើម្បីអោយស្ត្រីមានឱកាសទទួលបានការងារកាន់តែច្រើន និង អាចបញ្ចេញគំនិតលើផ្នែកដែលខ្លួនទទួលខុសត្រូវ។ អ្នកស្រីថា បើទោះជាមានការរំខានដោយជម្ងឺកូវីត១៩ តែរយៈពេលប្រមាណ២ខែ ចាប់តាំងពីហាងមួយនេះ បានបើកដំណើរការ គឺមិនមានថ្ងៃណា ដែលហាងត្រូវបានបិទទ្វារ ឬ ក៏ផ្អាកដំណើរការនោះទេ គឺមានភ្ញៀវចេញចូលជាប្រចាំ ដោយសារតែទីតាំង និង ការរៀបចំមុខម្ហូបយ៉ាងល្អឥតខ្ចោះ តម្រូវអតិថិជន។ អាហារដែលល្បីប្រចាំហាងនេះ គឺពងត្រី Beluga Caviar ដែលត្រូវបានដាក់នៅលើមុខម្ហូបនីមួយៗ ដែលនេះគឺជារូបមន្តថ្មី ដែលអាហារបែបនេះ គឺមានតែនៅហាងមួយចំនួននៅក្នុងប្រទេសបារាំងប៉ុណ្ណោះ។
អ្នកស្រីឧទាហរណ៍ថា បបរមាន់ ឬ បបរត្រីមួយចានគឺមានតម្លៃត្រឹមតែមួយចាន៥ដុល្លារប៉ុណ្ណោះ ប៉ុន្តែនៅពេលបន្ថែមដាក់ពងត្រីកម្រ Beluga Caviar គឺនឹងមានតម្លៃមួយចានដល់ ៣៩ដុល្លារ តែនៅតែមានអ្នកនិយមទទួលទាន ដោយសារតែភ្ញៀវចង់ភ្លក់ ពងត្រីដ៏កម្ររបស់ពិភពលោកមួយប្រភេទនេះ។
អ្នកស្រី ប៉ុល គីមសាន ដែលជាមេចុងភៅប្រចាំហាងមួយរូបទៀត បានថ្លែងបញ្ជាក់ថា បណ្ដាភ្ញៀវដែលចេញចូលនៅក្នុងពេលនេះ គឺជាជនជាតិខ្មែរច្រើនជាងបរទេស ហើយបណ្ដាភ្ញៀវទាំងនោះ និយមទទួលទានស្ទើរគ្រប់ប្រភេទអាហារ ដោយសារតែអាហារ និង ភេសជ្ជៈ ដែលត្រូវបានរៀបចំឡើងប្រចាំហាង គឺសុទ្ធតែមានការប្រឹតព្រៀងទាំងរសជាតិ និង សោភណ្ឌភាព។ អ្នកស្រីថា បណ្ដាភ្ញៀវភាគច្រើនដែលមកគាំទ្រហាង គឺមកគាំទ្រស្នាដៃស្ត្រី និង ជួយលើកទឹកចិត្តស្ត្រី ដែលកំពុងបម្រើការនៅក្នុងហាងនេះតែម្ដង ដើម្បីអោយដឹងថា ស្ត្រីនៅកម្ពុជា ក៏មានសមត្ថភាព អាចធ្វើអោយភោជនីយដ្ឋានមួយ ក្លាយជាភោជនីយដ្ឋានដែលមានស្ដង់ដារអន្តរជាតិផងដែរ។ ហាងនេះក៏ទទួលរៀបចំកម្មវិធីខួបកំណើត និងពិធីទទួលទានអាហារផ្សេងៗផងដែរ ដោយសារមានបន្ទប់ VIP ជាច្រើនបន្ទប់ និង ធំទូលាយ។
![](https://i0.wp.com/phteasdara.com/wp-content/uploads/2021/03/71E1312E-ED42-42D5-9994-FE10784C65FE.jpeg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2021/03/A04574B8-0A11-4AA9-B7F6-7A8326B54AC4.jpeg?resize=666%2C1000)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2021/03/F0FC5585-497E-47C0-BB0C-C492D1682F0F.jpeg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2021/03/70A6CE39-8D67-43A3-947A-7C2BCD7D8411.jpeg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2021/03/3B593CE1-933F-4234-95D8-FFAD5A8CC2B1.jpeg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2021/03/4ECB2F56-DD11-4A42-BE5F-694D05A5E40F.jpeg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2021/03/415E2DC5-2E2A-4969-9317-318D518089B8.jpeg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2021/03/413A40F0-F8B5-441B-B2D3-F3E451AB31A7.jpeg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2021/03/4BFBA39B-FAD5-41C8-91E6-F1E9A4D47C59.jpeg?resize=696%2C464)