ដើម្បីរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរក្នុងរមណីយដ្ឋានអង្គរ ឲ្យសក្តិសមនឹងតម្លៃរបស់អង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរាបានសម្រេចបង្កើតគណ:កម្មការចម្រុះមួយដែលមានសមាសភាពពីអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្តសៀមរាប កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ។
គណ:កម្មការនេះបង្កើតឡើងតាមសេចក្តីសម្រេចលេខ ១១សសរ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប:ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១។ តាមសេចក្តីសម្រេចនេះ គណ:កម្មការចម្រុះមានសភាពពីអាជ្ញាធរជាតិអប្សរាជាប្រធាន សមាសភាពពីរដ្ឋបាលខេត្តសៀមរាបជាអនុប្រធាន និងមានអាជ្ញាធរមូលដ្ឋានដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរជាសមាជិក។
ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ក្នុងនាមប្រធាននៃគណ:កម្មការនេះបានដឹកនាំកិច្ចប្រជុំជាលើកដំបូងជាមួយសមាជិកសមាជិកា ដើម្បីផ្លាស់ប្តូរយោបល់គ្នាស្តីពីការអនុវត្តសេចក្តីសម្រេចខាងលើឲ្យសម្រេចបានលទ្ធផលល្អប្រសើរ។
ឯកឧត្តមបញ្ជាក់ថា បេសកកម្មដ៏សំខាន់បំផុតនៃគណ:កម្មការនេះគឺធ្វើយ៉ាងណារក្សាសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ក្នុងន័យទាក់ទាញភ្ញៀវទេសចរមកកាន់អង្គរកាន់តែច្រើន ជាពិសេសនោះគឺ រក្សានូវភាពថ្លៃថ្នូររបស់រមណីយដ្ឋានអង្គរយើង។
ឯកឧត្តមបន្ថែមថា «អាជ្ញាធរជាតិអប្សរាមិនហាមឃាត់ទេការលក់ដូរក្នុងរមណីយដ្ឋានអង្គរ យើងមានតែជំរុញឲ្យអ្នកស្រុកអង្គរមានឱកាសបានលក់ដូរ ដើម្បីបង្កើនកម្រិតជីវភាពរបស់ពួកគាត់។ តែយើងក៏ត្រូវគិតគូរពីភាពថ្លៃថ្នូរបស់អង្គរ តាមរយ:ការរៀបចំពួកគាត់ឲ្យលក់ដូរតាមទីតាំងសមរម្យ មានសណ្តាប់ធ្នាប់ មានសុចរិតភាពក្នុងអាជីវកម្មរបស់គាត់ជាមួយភ្ញៀវដែលមកទស្សនាអង្គរ»។
ឆ្លងតាមការពិភាក្សាគ្នាក្នុងកិច្ចប្រជុំនេះ អង្គប្រជុំទាំងអស់បានបង្ហាញការគាំទ្រនិងសន្យាចូលរួមសកម្មភាពរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរនៅរមណីយដ្ឋានអង្គរឲ្យកាន់តែល្អប្រសើរឡើងជាលំដាប់៕