ទំនិញ​ម្ហូបអាហារ​នៅ​ផ្សារ​ព្រែក​ព្នៅ និង​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា ពុំមាន​ដាក់​សារធាតុ​គីមី

0

ទំនិញ​ប្រភេទ​ម្ហូបអាហារ ដែល​បានដាក់​លក់​នៅ​ផ្សារ​ព្រែក​ព្នៅ និង​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា ត្រូវបាន​រកឃើញ​ពុំមាន​សារធាតុ​គីមី​ឡើយ នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​សាខា​កាំកុងត្រូល នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ចំណុះ​ឲ្យ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ដឹកនាំ​មន្ត្រី​កាំកុងត្រូល​សាខា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ផែស្ងួត​ចុង​ទី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​ទំនិញ​ប្រភេទ​ម្ហូបអាហារ​នៅ​ផ្សារ​ទាំងពីរ​ខាងលើ។ នេះ​បើ​យោងតាម​ក្រសួងពាណិជ្ជកម្ម។

នៅក្នុង​ផ្សារ​ព្រែក​ព្នៅ មន្ត្រី​កាំកុងត្រូល បានធ្វើការ​ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហារ​វេច​ខ្ចប់​ស្រាប់ កែច្នៃ​រួច និង​ធ្វើតេស្ត​បឋម លើ​មី​លឿង​ស្រស់ បាញ់ហយ បាញ់​កាញ់ នំ​បញ្ចុក ប្រហិត​សាច់គោ គុយទាវ​សរសៃ​ធំ ចាហួយខ្មៅ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ និង​បាន​នាំយក​គំរូ​បន្លែ ផ្លែឈើ ចំនួន ១៤មុខ ដើម្បី​បញ្ជូន​មកកាន់​មន្ទីរពិសោធន៍​របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល​ថែមទៀត។

ចំណែកឯ​នៅ​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្យា ដែល​ស្ថិតនៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ មន្ត្រី​កាំកុងត្រូល​បានធ្វើ​តេស្ត​បឋម​ទៅលើ​ម្ហូបអាហារ​ដូចជា បន្លែ ផ្លែឈើ​ស្រស់ គ្រឿង​សមុទ្រ​ស្រស់ ស​សៃ​មី គុយទាវ ដើម្បី​ស្វែងរក​សារធាតុ​គីមី ដែល​គេ​បន្ថែម​លើ​ម្ហូបអាហារ សម្រាប់​រក្សាទុក​ឲ្យ​បានយូរ ស្រស់ និង​មាន​ពណ៌​ស្អាត តួយ៉ាង​ដូចជា Borax, Formalin, Sodium Hydro Sulfite ក្នុង​គោលបំណង​ទាក់ទាញ​អ្នកប្រើប្រាស់។

ជា​លទ្ធផល មន្ត្រី​កាំកុងត្រូល​ពុំបាន​រកឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់ នៅលើ​ផលិតផល​ទាំងអស់​នោះឡើយ ទាំង​នៅក្នុង​ផ្សារ​ព្រែក​ព្នៅ និង​ផ្សារ​ស៊ិន​ជូ​រី ផ្លា​ហ្សា។

ទន្ទឹមគ្នានេះ មន្ត្រី​កាំកុងត្រូល ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ដល់​អាជីវករ អ្នកប្រើប្រាស់ ឲ្យ​យល់ដឹង​ពី​បញ្ហា​អនាម័យ និង​សារ:សំខាន់​នៃ​សុវត្ថិភាព​ចំណីអាហារ សម្រាប់​ការពារ​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដែល​ចូលមក​កំសាន្ត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here