ដើម្បីសម្រួលដល់ការនាំចេញកសិផលជូនពាណិជ្ជករ និងប្រជាកសិករនៅតាមបណ្តាយព្រំដែនកម្ពុជា-ថៃឡង់ដ៏ ក្រសួងពាណិជ្ជកម្ម បានធ្វើប្រតិភូកម្មនៃការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ទម្រង់ (D) ដល់មន្ទីរពាណិជ្ជកម្មនៅក្នុងខេត្តចំនួន៤ ក្នុងពេលតែមួយគឺ៖ ប៉ៃលិន, បាត់ដំបង, បន្ទាយមានជ័យ និងឧត្តរមានជ័យ។
ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវការធ្វើប្រតិភូកម្មនៃការចេញ CO ទម្រង់ ឌី (D) សម្រាប់ខេត្តទាំង ៤នេះ ត្រូវបានរៀបចំឡើងកាលពីម្សិលមិញនេះ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងអាជ្ញាធរខេត្តពាក់ព័ន្ធ ព្រមទាំងតំណាងវិស័យឯកជន ប្រមាណជាង ១០០នាក់។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាភស្តុតាងថ្មីមួយទៀតដែលបញ្ជាក់ពីការបេ្តជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល។
ឯកឧត្តមបានគូសបញ្ជាក់ថា ការធ្វើប្រតិភូកម្មនេះមិនត្រឹមតែជាការផ្ទេរភាពជាម្ចាស់នៃមុខងារទេ ថែមទាំងជាការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងការអនុវត្តមុខងារឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ជៀសវាងនូវបាតុភាពអសកម្ម និងការកកស្ទះកសិផល ជាយថាហេតុ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ក្រសួងនឹងបន្តធ្វើប្រតិភូកម្មសេវាធារណ:នេះ ដល់បណ្តាខេត្តជាប់ព្រំដែនផ្សេងៗទៀតនាពេលអនាគត ទន្ទឹមគ្នានឹងការបណ្តុះបណា្តលមន្ត្រីរាជការមន្ទីរពាណិជ្ជកម្មជាមុន ទាំងកម្រិតជំនាញទាក់ទងវិធានប្រភពដើមទំនិញ ក៏ដូចការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការចេញ CO ផងដែរ។
គួររំលឹកដែរថា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងការខិតខំប្រឹងប្រែងទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅធានាឲ្យមានការអភិវឌ្ឍដ៏ទូលំទូលាយ ប្រកបដោយនិរន្តរភាព ព្រមទាំងដើម្បីពង្រឹង និងធ្វើពិពិធកម្មសេដ្ឋកិច្ចមូលដ្ឋាន រាជរដ្ឋាភិបាលកម្ពុជា បានអនុម័ត និងអនុវត្តន៍ក្របខណ្ឌយុទ្ធសាស្ដ្រស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ចាប់តាំងពីឆ្នាំ២០០៥។
ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មកន្លងមក បានធ្វើប្រតិភូកម្មសេវាសាធារណ:ជាបន្តបន្ទាប់ ដល់មន្ទីរពាណិជ្ជកម្មនៅថ្នាក់ក្រោមជាតិ សំដៅឆ្លើយតបតម្រូវការអទិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រ ជាពិសេសការបង្ខិតសេវាសាធារណ:ឲ្យកាន់តែជិតប្រជាពលរដ្ឋបំផុត។
បើតាមទិន្ន័យរបស់នាយកដ្ឋាននាំចេញ-នាំចូលបានឲ្យដឹងថា ការនាំចេញនៅក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេស បានកើនឡើងរហូតដល់ ១១,១៥៣ លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៧ ពោលគឺស្មើនឹងជាង ១៨% បើប្រៀបធៀបឆ្នាំ២០១៦ ដែលទឹកប្រាក់ត្រឹមតែ ៩,៤២១ លានដុល្លារអាមេរិក ប៉ុណ្ណោះ។
ដោយឡែកការនាំចេញតាមវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ទម្រង់ ឌី (D) ទៅកាន់ទីផ្សារតំបន់អាស៊ាន បានកើនឡើងប្រមាណជាង ៦៦% គឺពីទឹកប្រាក់ ៧២៨លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៦ រហូតដល់ទឹកប្រាក់ ១,២១៤ លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៧៕