យោងតាមប្រភពព័ត៌មានពី 9to5google បានឱ្យដឹងថា ក្រុមហ៊ុន Google កំពុងដាក់សាកល្បងមុខងារថ្មីមួយឈ្មោះ Picture-in-Picture ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទស្សនាវីដេអូក្នុង YouTube ខណ:ខ្លួនកំពុងបើកដំណើរការកម្មវិធីដទៃផ្សេងទៀតបាន នៅលើគេហទំព័រកុំព្យូទ័រ។
ប្រភពដដែលឱ្យដឹងបន្ថែមថា ក្រុមហ៊ុនកំពុងចាប់ផ្តើមបើកមុខងារនេះចេញទៅដល់អ្នកប្រើប្រាស់មួយចំនួន ហើយប្រសិនបើលោកអ្នកមានសំណាងឋិតក្នុងចំណោមពួកគេ លោកអ្នកនឹងអាចចាក់វីដេអូលើគេហទំព័រ YouTube ដោយចុចត្រង់ណាក៏បាននៅលើផ្ទាំងកម្មវិធីរបស់វា។ ពេលនោះ វីដេអូនឹងនៅតែបន្តដំណើរការ និងអណ្តែតលើជ្រុងខាងក្រោមផ្នែកខាងស្តាំនៃអេក្រង់ ហើយឈ្មោះរបស់វានឹងបង្ហាញឡើងខាងក្រោមផ្ទាំងកម្មវិធី និងមានរូបតាងមួយនៅខាងក្រោមផ្នែកខាងស្តាំ សម្រាប់អនុញ្ញាតឱ្យលោកអ្នកគ្រប់គ្រងលើវីដេអូនោះ។
ទោះយ៉ាងណាការសាកល្បងនេះ គឺធ្វើឡើងនៅលើតែអ្នកប្រើគណនី YouTube Red ប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែមុខងារនេះមានសារប្រយោជន៍ខ្លាំង ដែលគ្រប់គ្នាចង់បាននោះ គេសង្ឃឹមថា Google នឹងបញ្ចេញវាទៅដល់អ្នកប្រើប្រាស់បណ្តាញសង្គមវីដេអូរបស់ខ្លួនទូទៅតែម្តងនាពេលដ៏ខ្លីខាងមុខ និងសម្រាប់ទាំងអ្នកប្រើប្រាស់លើទូរសព្ទចល័តផងដែរ៕