បឺត សង្ឃឹម ដណ្ដើមបានកៅអី១៦នាក់ជាថ្មី

0

គ្មានអ្នកណាមិនដឹងនោះទេ ថាកីឡាករបឺត សង្ឃឹម គឺជាឈាមជ័រក្នុងត្រកូលបឺតតែម្នាក់ ដែលនៅបន្តអាជីពប្រដាល់ ដោយលោកធ្លាប់បានឆ្លងកាត់ការប្រកួតក្នុងព្រឹត្តិការណ៍ TV5 Boxing Knock Out Series By K-Cement ចំនួន៣លើកមកហើយ ដោយក្នុងចំណោមនោះគឺលើកទី២ គេក៏ទទួលបានចំណាត់ថ្នាក់លេខ៣ម្ដងផងដែរ។ ជាមួយនឹងក្ដីស្រម៉ៃចង់ដណ្ដើមបានពានជើងឯក និងទឹកប្រាក់៤ពាន់ដុល្លារ ទើបលោកនៅតែសាកល្បងចូលប្រកួតជាលើកទី៣ និងលើកទី៤នេះទៀត បើទោះជាលើកទី៣លទ្ធផលឃើញដើរថយក្រោយ ហើយសម្រាប់លើកទី៤នេះ នៅមិនទាន់ដឹងយ៉ាងណា។

កីឡាករបឺត ខាំ បង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីការប្រកួតកាលពីថ្ងៃទី២២ ធ្នូរបស់លោកក្នុងវគ្គ១៦នាក់យក៨នាក់ ហើយគេទទួលបានជោគជ័យ ដែលមានន័យថានឹងធ្វើអោយគេមានឱកាសមួយកម្រិត ដើម្បីឆ្ពោះទៅកាន់តំណែងម្ចាស់ពាន។ ការប្រកួតដែលបានធ្វើឡើងនៅក្នុងថ្ងៃនោះ គឺជាវគ្គសំខាន់មួយ ដោយសារតែកីឡាករចំនួន៣២នាក់ ដែលមានឈ្មោះឈ្នះចំនួន១៦នាក់ ត្រូវគេអោយប្រកួតជម្រុះក្នុងជុំទី២បន្តទៀត ខណៈដែលកីឡាករ បឺត សង្ឃឹម គឺជាគូបើកឆាកសម្រាប់ប្រជែងគ្នាយកកៅអី៨នាក់ ដែលជាវគ្គដ៏គួរអោយចាប់អារម្មណ៍។ ការជម្រុះដែលមានអ្នកគាំទ្រស្រែកហ៊ោផង ទះដៃផង នៅក្នុងថ្ងៃនោះ កីឡាករបឺត សង្ឃឹម ដែលជាប្អូនបង្កើតរបស់ត្រកូលបឺតក្នុងវិស័យប្រដាល់ និងឈរក្នុងតំណែងជាកីឡាករបង្គោលខៀវ ប្រកួតជម្រុះជាមួយកីឡាករបង្គោលក្រហម ឆាយ មាស ដែលជាជើងខ្លាំងម្នាក់។ ការប្រកួតរបស់ពួកគេ កីឡាករ ឆាយ មាស វាយចេញបានល្អ ហើយកណ្ដាប់ដៃក្នុងវាយត្រូវគោលដៅក៏ល្អនោះដែរ ប៉ុន្តែបណ្ដាលមកពីចុងទឹកទី២ និងពេញទឹកទី៣កីឡាករ បឺត សំង្ឃឹម ធ្វើបានល្អជាង ទើបលទ្ធផលចុងក្រោយ កីឡាករបឺត សង្ឃឹម ដណ្ដើបានកៅអី៨នាក់មុន។

នេះជាលទ្ធផលដែលគេដណ្ដើមបានជាថ្មី ក្នុងចំណោមការបង្ហាញខ្លួន៤លើក ហើយស្ទើរមិនមានលើកណាដែលគេមិនឈានដល់វគ្គ៨នាក់។ នៅមិនទាន់ដឹងថាតើការប្រកួតលើកនេះ នឹងធ្វើអោយគេបោះជំហានដល់ណានោះទេ ប៉ុន្តែបើគេមានសំណាងបានឈ្នះម្ដងទៀត គឺមានន័យថាគេឡើងទៅកាន់វគ្គ៤នាក់ និងទទួលបានពានកិត្តិយសមួយដោយស្វ័យប្រវត្តិហើយ។

កីឡាករ បឺត សង្ឃឹម និយាយថា លោកធ្លាប់ចូលប្រកួតក្នុងព្រឹត្តិការណ៍នេះចំនួន៤លើកទាំងលើកចុងក្រោយនេះហើយ ដោយលើកទី១ ឡើងដល់វគ្គ៨នាក់ លើកទី២ដណ្ដើមបានចំណាត់ថ្នាក់លេខ៣ លើកទី៣ធ្លាក់ក្នុងវគ្គ៨នាក់យក៤នាក់ និងលើកទី៤នេះ ដណ្ដើមបានកៅអី៨នាក់នាក់ជាថ្មីប៉ុន្តែមិនទាន់ដឹងថានឹងធ្លាក់ដូចលើកទី១ ឬមានសំណាងល្អជាងលើកទី៣នោះទេ។ យ៉ាងណាមិញ លោកថាដរាបណានៅមិនទាន់ទទួលបានពានជើងឯក និងនៅតែមានឱកាសត្រូវបានស្ថាប័នប៉ុស្ដិ៍លេខ៥អនុញ្ញាតអោយចូលប្រកួត គឺលោកនៅតែបន្តចូលប្រកួត ដោយមិនខ្វល់អ្នកណាយល់ថាលោកប្រកួតមិនបានពានជើងឯកច្រើនដងហើយ នៅតែបន្តចូលប្រកួតដដែលនោះទេ៕