ក្រុមហ៊ុន iEBUY និង វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បើកសិក្ខាសាលាស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក&បណ្ដាញសង្គមៗ ជូនដល់សិស្សនិស្សិតព្រមទាំងបុគ្គលិកដើម្បីអភិវឌ្ឍជំនាញផ្ទាល់ខ្លួន

0


ក្រុមហ៊ុន អាយ អ៊ី បាយ (iEBUY) ដោយទទួលបានកិច្ចសហការជាមួយវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានរៀបចំសិក្ខាសាលាស្តីពី «ពាណិជ្ជកម្មអេឡិចត្រូនិក និងបណ្ដាញសង្គម» ក្នុងគោលបំណង ដើម្បីចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងថ្មីៗ ស្តីពីការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក និងបណ្ដាញសង្គម ស្របតាមបដិវត្តន៍ឧស្សាហកម្ម ៤.0 (Industry 4.0) ជូនដល់សិស្ស និស្សិត និងបុគ្គលិក ដើម្បីស្វែងយល់អំពីចំណេះដឹងបច្ចេកវិទ្យា ក្នុងការអភិវឌ្ឍជំនាញផ្ទាល់ខ្លួន លើការសិក្សា ការងារ និងអាជីវកម្ម ។ សិក្ខាសាលានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានលោក ចាន់ ជឿន នាយករង វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និងលោក ឯម ឬទ្ធី អគ្គនាយក នៃក្រុមហ៊ុន អាយ ម៉ី បាយ អេប ដោយមានការចូលរួមពីសិស្ស និស្សិតជាច្រើនរូបទៀត ។

លោក ឯម ឬទ្ធី បានលើកឡើងថា ក្រុមហ៊ុន អាយ អ៊ី បាយ គឺជាមជ្ឍមណ្ឌលពាណិជ្ជកម្ម និងកម្សាន្ត ឌីជីថល ត្រូវបានបង្កើតឡើងឆ្នាំ២០១៨ នឹងចុះបញ្ជីបើកក្រុមហ៊ុនជាផ្លូវការនៅថ្ងៃទី15 មេសា ឆ្នាំ២០២០ ដោយស្នាដៃកូនខ្មែរសុទ្ធសាធ និងដាក់ឱ្យប្រើប្រាស់សាកល្បងនៅប្រព័ន្ធប្រតិបត្តិការទូរស័ព្ទដៃស្មាតហ្វូន នៅខែតុលា ឆ្នាំ២០២១ ហើយបច្ចុប្បន្ន ក្រុមហ៊ុននេះ កំពុងតែអភិវឌ្ឍន៍បន្ថែមនូវមុខងារសំខាន់ៗជាច្រើនទៀតនៅកម្មវិធីអេបតែមួយ។

លោកបន្តថា ក្នុងបំណងដើម្បីជួយដល់ម្ចាស់អាជីវកម្មគ្រប់រូប អាចបង្កើតហាងឌីជីថល ដើម្បីដាក់លក់ទំនិញ ឬសេវាកម្មរបស់ខ្លួនបានគ្រប់ទីកន្លែង គ្រប់ពេល ដោយមិនចាំបាត់មានជំនាញ IT នឹងចំណាយទាប មានប្រសិទ្ធភាពខ្ពស់ ដោយគ្មានហានីភ័យ មានភាពងាយស្រួលលើការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន និងធ្វើឲ្យប្រាកដថា ការទិញលក់ទំនិញតាម អាយ អ៊ី បាយ អេប ធានាបាននូវគុណភាព សុវត្ថិភាព និងទំនុកចិត្តបំផុត ក៏ដូចជាអនុញ្ញាតិឲ្យមនុស្សជុំវិញពិភពលោក អាចទំនាក់ទំនង និងលេងកម្សាន្ត ជាមួយគ្នាបានយ៉ាងងាយស្រួល ទៅលើប្រព័ន្ធតែមួយ បង្កើនប្រាក់ចំណូលថែមទៀត និងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងពិភពលោក ឱ្យមានភាពរីកចម្រើនតាមរយៈការអភិវឌ្ឍគោល នយោបាយ សេដ្ឋកិច្ចឌីជីថល នាពេលបច្ចុប្បន្ន និងអនាគត ។

លោក ចាន់ ជឿន បានមានប្រសាសន៍ថា អង្គសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ ស្របតាមពេលវេលា នៃកាលៈទេសៈដែលយើងត្រូវការចាំបាច់បំផុត នូវសម័យបច្ចេកវិទ្យាឧស្សាហកម្មជំនាន់ 4.0 ដោយមានការរួមបញ្ចូលគ្នា នូវការធ្វើការ ឬក៏ការធ្វើអាជីវកម្មផ្សេងៗ ដែលយើងកំពុងតែប្រើនូវបច្ចេកវិទ្យា 4.0 ហើយអង្គសិក្ខាស្រលានេះ ធ្វើឡើងដើម្បីជួយដល់សិស្ស និស្សិត ឬក៏បណ្ដាបុគ្គលិកនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ជួយបង្កើនជំនាញផ្ទាល់ខ្លួន ឬក៏ការស្រាវជ្រាវឱ្យបានសមស្របតាមសម័យកាល នៃបច្ចេកវិទ្យាសព្វថ្ងៃ។

និស្សិតវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ឈើយ សូនីតា សំដែងក្ដីរីករាយដែលបានចូលរួមក្នុងសិក្ខាសាលានេះដោយបានជួបនូវវាគ្មិនជាច្រើន បានផ្ដល់បទពិសោធន៍ពាក់ព័ន្ធទៅនឹងការធ្វើអាជីវកម្មទៅលើប្រព័ន្ធអេឡិចត្រូនិចហើយក៏មានការណែនាំឱ្យមានការជួយគាំទ្រទៅលើផលិតផលខ្មែរផងដែរ។ និស្សិតរូបនេះ ក៏បានសំដែងនូវចំណាប់អារម្មណ៍ចំពោះស្នាដៃកូនខ្មែរ ដែលបានបង្កើតឡើងនូវ អេប អាយ អ៊ី បាយ ដែលជាការលើកស្ទួយផលិតផលខ្មែរនៅក្នុងបណ្ដាញសង្គម ដែលរួមមានជាមួយនឹងការកម្សាន្ត ការទំនាក់ទំនងគ្នានៅលើប្រព័ន្ធ Social Media តែមួយផងដែរ។ លោក សិន សុលីណា ព្រឹទ្ធបុរសមហាវិទ្យាល័យបច្ចេកវិទ្យាព័ត៌មាន នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលដែលឃើញថា បច្ចុប្បន្ន កូនខ្មែរយើងបានបង្កើតនូវអេបមួយ ដែលមានសារៈសំខាន់ប្រហាក់ប្រហើរទៅនឹង អេប របស់បរទេស ក្នុងការផ្សព្វផ្សាយទាក់ទងទៅនឹង Social Media ក៏ដូចជាការលក់ទំនិញ និងការទំនាក់ទំនងគ្នាទៅវិញទៅមក តាមរយៈអនឡាញ ។

លោកបានបន្តថា អេបនេះ មានអត្ថប្រយោជន៍ខ្លាំង ដែលបច្ចុប្បន្ននេះ ប្រជាជនខ្មែរយើងភាគច្រើន ត្រូវការទិញទំនិញ តែងតែប្រើប្រាស់ អេបរបស់បរទេស អញ្ចឹងដោយសារសិក្ខាសាលានេះ គឺជួយផ្សព្វផ្សាយឱ្យប្រជាជនខ្មែរយើង ក៏ដូចជាកូនខ្មែរយើង បានដឹងអំពីស្នាដៃខ្មែរ ដែលបានបង្កើតអេប ដូចទៅនឹង អេប របស់បរទេស ដែលលោក នឹងជួយគាំទ្រពេញទំហឹង ចំពោះការបង្កើតអេបនេះ ។

សូមបញ្ជាក់ថា អេប អាយ អ៊ី បាយ គឺជាសមិទ្ធផលថ្មីមួយលើវិស័យបច្ចេកវិទ្យាដែលកូនខ្មែរបានធ្វើឡើង ហើយនេះក៏ជាមោទនៈភាពជាតិខ្មែរមួយ ដែលកន្លងមក យើងធ្លាប់តែប្រើប្រាស់របស់បរទេស តែពេលនេះ កូនខ្មែរយើងអាចបង្កើតបាន ដូច្នេះយើងគួរតែនាំគ្នាមកជួយគាំទ្រ និងលើកស្ទួយទាំងអស់គ្នា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here