ខុសពីការគ្រោងទុកដែលថាកីឡាករសេង ស្រឿន ក៏មិនអន់ជាងកីឡាករកម្ពុជា២ទៀត ដែលសុទ្ធតែឈ្នះលើសង្វៀនតែមួយ កាលពី ព្រឹកថ្ងៃអាទិត្យ ទី២៨ តុលា សង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ លទ្ធផលប្រកួតរបស់កីឡាកររូបនេះ បែរជាធ្វើអោយអ្នកគាំទ្រខកចិត្តទៅវិញ ដោយសារតែការប្រកួតមិនទាន់ទាំងបានពាក់កណ្ដាលទឹកទី១ផង កីឡាករកម្ពុជា សេង ស្រឿន ក៏បោះបង់ការប្រកួតក្រោមដៃកីឡាករថៃ Chhouk Chhai។ ក្នុងនោះកីឡាករកម្ពុជា ក៏បដិសេធបកស្រាយពីមូលហេតុដែលនាំអោយលោកសម្រេចចិត្តសុំចុះចាញ់ផងដែរ។
ការប្រកួតនៅក្នុងព្រឹកនោះ គេឃើញសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍រៀបចំការប្រកួតគូរអន្តរជាតិរហូតដល់៣គូតែម្ដង ដោយកីឡាករកម្ពុជា ធី តុងហ៊ី មកពីក្លិបវិបុលដារិទ្ធខ័ណ្ឌពោធិសែនជ័យ បានផ្ដួលកីឡាករអ៊ីរ៉ង់ឈ្មោះ Mohsen Kordalivand អោយបោះបង់ការប្រកួតក្នុងទឹកទី៤ ខណៈដែលគូរអន្តរជាតិទី២ គឺកីឡាករកម្ពុជា អេ រដ្ឋា កូនសិស្សរបស់គ្រូបង្វឹក អេ ភូថង បានវាយផ្ដួលកីឡាករថៃឈ្មោះ Pek Am អោយបោះបង់ការប្រកួតក្នុងទឹកទី២។
អ៊ីចឹងហើយទើបម្នាក់ៗខកចិត្តនៅពេលដែលដល់វេណកីឡាករ សេង ស្រឿន ដែលអ្នកណាក៏រំពឹងថានឹងឈ្នះគូប្រកួតដោយមិនលំបាកស្រាប់តែលទ្ធផលដែលបានស្ដែងឡើយ បែរជាកីឡាករថៃ ជាអ្នកធ្វើអោយគេបោះបង់ការប្រកួតក្នុងទឹកទី១ទៅវិញ។ ការប្រកួតមួយគូនេះ គ្រាន់តែបើកឆាកភ្លាមស្រាប់តែកីឡាករកម្ពុជាបោះបង់ការប្រកួតតែម្ដង ដោយអះអាងថាកីឡាករថៃវាយត្រូវឆ្អឹងជំនី និងត្រូវចំកន្លៀតក្អម ហើយមិនអាចបន្តតតាំង។ យ៉ាងណាមិញ អ្នករៀបចំការប្រកួតបានអះអាងថា នឹងអោយអ្នកទាំងពីរប៉ះគ្នាម្ដងទៀត បន្ទាប់ពីការប្រកួតលើកនេះ មិនទាន់បានដឹងអ្វីផង ស្រាប់តែកីឡាករកម្ពុជាបោះបង់ការប្រកួត៕