ការប្រកួតពូលB កីឡាករ សូត្រ វាសនារកបាន៣ពិន្ទុ ដោយផ្ដួលដៃគូអោយបោះបង់

0

បន្ទាប់ពីដំណើរការការពូល A បានមួយសប្ដាហ៍ នៅថ្ងៃទី២ តុលា ក្នុងឆ្នាំ២០២២មុននេះ ប៉ុស្តិ៍លេខ៥ បានបន្តការប្រកួតស្វែងរកពិន្ទុសម្រាប់ពូលB បន្តទៀតហើយ ដោយក្នុងចំណោមកីឡាករ៤រូប គូប្រកួតរវាងបង្គោលក្រហម សូត្រ វាសនា មកពីក្លិបបក្សីស្លាបដែក សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ និង បង្គោលខៀវ ពុធ សំបូរ មកពីក្លិបពុទ្ធសិរីវង្សកីឡា ខណ្ឌពោធិ៍សែនជ័យ គឺចាត់ទុកថាគឺជាគូដណ្ដើមពិន្ទុដ៏ទាក់ទាញមួយ ដោយសារតែរវាងគូទាំងពីរគឺអ្នកណាក៏ប្រឹងអស់ពីសមត្ថភាព ព្រោះតែចង់បានឱកាសទៅកាន់វគ្គបន្ត។ មួយគូនេះអាចចាត់ទុកថាបានធ្វើអោយអ្នកទស្សនាហើបគូទពីកៅអីញឹកញយតែម្ដង ជាពិសេសក្នុងពេលដែលអ្នកទាំងពីរធ្វើការវាយសន្ធាប់គ្នាទៅវិញទៅមក មុនទឹកទី៤។ ស្ថិតក្នុងគីឡូ៦០ដូចគ្នា រូបរាង និង កម្ពស់កម្ពរប្រហែលគ្នា គឺទាំងបង្គោលខៀវ និង បង្គោលក្រហម សុទ្ធតែមានឱកាសរៀងខ្លួន។ ការប្រកួតរវាងទាំងពីរសូម្បីតែគណកម្មការក៏ពិបាកផ្ដល់ពិន្ទុអោយអ្នកណាឈ្នះចាញ់នោះដែរ ដោយសារតែពួកគេម្នាក់ៗ សុទ្ធតែប្រឹងរៀងខ្លួន ហើយឃើញថាទាំងបង្គោលក្រហម និង បង្គោលខៀវ គឺមានសមត្ថភាពមិនចាញ់គ្នា ពោលគឺគេអាចឈ្នះចាញ់គ្នា ព្រោះតែបច្ចេកទេសលើសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។ ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ បង្គោលក្រហម បានក្លាយជាអ្នកឈ្នះដោយលទ្ធផលផ្ដួលបង្គោលខៀវ ពុធ សំបូរ អោយបោះបង់ការប្រកួតក្នុងទឹកទី៤។ ប៉ុន្តែក៏មិនទាន់កំណត់ថា អ្នកមាន៣ពិន្ទុនៅក្នុងសប្ដាហ៍នេះ នឹងបានឡើងទៅកាន់ជុំបន្តនៅឡើយទេ ដោយសារតែពួកគេម្នាក់ៗនៅក្នុងពូល B នេះ នៅសល់ម្នាក់២ប្រកួតទៀត គឺលុះត្រាតែអ្នកឈ្នះដែលមាន៣ពិន្ទុលើកនេះ បានឈ្នះសម្រាប់ការប្រកួតលើកបន្ទាប់ទៀត ទើបមានការរំពឹងខ្ពស់។ ដោយឡែកសម្រាប់មួយគូទៀត ក៏ត្រូវគេឃើញបង្ហាញអស់ពីសមត្ថភាពមិនខុសគ្នាដែល ទម្រាំរកឃើញអ្នកឈ្នះ៣ពិន្ទុ។

គួរបញ្ជាក់ផងដែរថា ការប្រកួតដណ្ដើមជើងឯកដែលរៀបចំដោយប៉ុស្តិ៍លេខ៥នេះ មិនគ្រាន់តែដើម្បីដណ្ដើមប្រាក់លាន និង ពានជើងឯកតែម្យ៉ាងដូចមុននោះទេ តែអ្នកឈ្នះលេខ១ក៏ទទួលបានវីឡាមួយខ្នងដែលមានតម្លៃក្បែរៗ១០ម៉ឺនដុល្លារ នៅក្នុងបុរីមួយនៅក្រុងសៀមរាប យ៉ាងកាលីបផងដែរ ទើបកីឡាករទាំងអស់ដែលបានចូលប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ សុទ្ធតែខំអស់ពីសមត្ថភាព ព្រោះមិនចង់បាត់បង់ឱកាសយកផ្ទះវីឡាដែលជាលំនៅដ្ឋានក្នុងក្ដីស្រម៉ៃ។ ការប្រកួតនេះ មានកីឡាករសរុបចំនួន៨រូប ហើយចែកជា២ក្រុម ឬ ២ពូល គឺពូលA និង ពូល B ដោយមួយពូលៗគឺកីឡាករទាំង៤ត្រូវប្រកួតគ្នាចុះឡើងដើម្បីស្វែងរកអ្នកមានពិន្ទុលេខ១ និង លេខ២ ឡើងទៅប្រកួតវគ្គខ្វែង ហើយបន្តពីវគ្គខ្វែងនឹងបន្តស្វែងរកអ្នកមានពិន្ទុខ្ពស់២រូបអោយឡើងប្រកួតយកលេខ១ ដែលជាម្ចាស់ផ្ទះវីឡាដែលជារង្វាន់ដ៏មហិមានេះ។ ដូច្នេះហើយ ទើបការប្រកួតរបស់កីឡាករទាំងអស់ សុទ្ធតែស្ថិតការតាមដានពីសំណាក់អ្នកទស្សនា ដែលជាក់ស្ដែងគឺនៅសង្វៀនព្រែកកំពិស គឺមានអ្នកទៅទស្សនាយ៉ាងកកកុញតាំងពីសប្ដាហ៍ទី១ រហូតដល់សប្ដាហ៍ទី២នេះតែម្ដង៕