ការប្រកួតមិត្តភាពមុនភ្ជុំបិណ្ឌកាលពីថ្ងៃទី៦ តុលា កីឡាករជើងខ្លាំង ស៊ឹម ប៊ុនឆៃ ត្រូវគេឃើញបាក់សាច់យ៉ាងពេញទំហឹង ក្រោមដៃកីឡាករវ័យក្មេង ធន់ ចាន់ឌី នៅពេលអ្នកទាំងពីរប៉ះគ្នានៅប៉ុស្ដិ៍លេខ៥ នៅព្រែកកំពិស។ ជំនួបរបស់គូនេះ គឺដើម្បីកំដរព្រឹត្តិការណ៍ TV5 Knock out Series By K-Cement ក្នុងវគ្គកីឡាករជើងខ្លាំង៤នាក់ ដែលត្រូវឡើងប្រកួតវគ្គផ្ដាច់ព្រ័ត្រ ត្រូវអោយសម្រាកមួយសប្ដាហ៍។
ការប្រកួតរបស់គូនេះ បើអោយប៉ាន់ស្មាន គឺគេយល់ថាកីឡាករ ស៊ឹម ប៊ុនឆៃ នឹងឈ្នះការប្រកួតក្នុងភាគរយខ្ពស់ ដោយសារតែគេមានប្រវត្តិឡើងរេញច្រើនជាង និងជាកីឡាករដែលមានទេពកោសល្យមិនធម្មតា បើធៀបនឹងកីឡាករ ធន់ ចាន់ឌី ដែលទើបតែឡើងកូដបានមួយឆាវ។ តាំងពីទឹកទី៣ គេឃើញបង្គោលខៀវដែលមិនសូវមានអ្នកស្គាល់ ព្រោះទើបតែមានឈ្មោះឡើងរេញ វាយអោយបង្គោលក្រហម ស៊ឹម ប៊ុនឆៃ តែម្ដង ដោយធ្វើអោយបង្គោលក្រហម ដួលលើរេញខ្ពកៗ ដល់ថ្នាក់អ្នកទស្សនាមិនចង់ជឿថ្វីដៃនោះផង។ អ្វីដែលគេកត់សម្គាល់គឺការប្រកួតបញ្ចប់៥ទឹកដែលបានធ្វើឡើង គឺកីឡាករ ធន់ ចាន់តាក់ ឈ្នះដាច់តែម្ដង ដែលធ្វើអោយអ្នកណាៗ ក៏លាន់មាត់ថាមិនគួរស៊ឹម ប៊ុនឆៃ បាក់សាច់ដល់ម្លឹង។ យ៉ាងណាគេក៏ឃើញកីឡាករ ដែលទទួលបរាជ័យនាថ្ងៃនោះ បង្ហាញការប្រឹងប្រែង និងវាយបំបុកទៅកាន់បង្គោលខៀវបានច្រើនផងដែរ ដោយគ្រាន់តែបណ្ដាលមកពីគេឆាប់ហត់ និងវាយបំបុកក្នុងទឹកទី១ និងទី២អស់ខ្យល់ពេកប៉ុណ្ណោះ ទើបក្នុងទឹកទី៤ និងទី៥ ក្លាយជាវេទិកាបាក់សាច់ក្រោមដៃបង្គោលខៀវវិញ។ គូនេះកីឡាករ ធន់ ចាន់ឌី ឈ្នះពិន្ទុយ៉ាងដាច់តែម្ដង ដោយសារការប្រកួត៥ទឹក គឺកីឡាករអ្នកឈ្នះមានប្រៀបដល់៣ទឹកពេញតែម្ដង៕