ស្ដាយណាស់ ភ្លាត់តែបន្តិច ឡុង រ៉ាមី បាត់ឱកាសដណ្ដើមពាន

0

បើទោះជាមានការតាំងចិត្តថានឹងប្រកួតប្ដូរអោយទាល់តែបានឱកាសឡើងទៅប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ ក៏ការតាំងចិត្តរបស់កីឡាករ បង្គោលខៀវ ឡុង រ៉ាមី មិនទទួលបានជោគជ័យនោះដែរ ក្រោយពីគេប្រឹងប្រកួតដោយលែងគិចពីគ្រោះថ្នាក់ កាលពីល្ងាចថ្ងៃទី២៩ កញ្ញា នៅលើសង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥។ កីឡាករ លាភ រដ្ឋា បានក្លាយជាអ្នកដណ្ដើមបានឱកាសនោះ ដែលមានន័យថាបន្ទាប់ពីឈ្នះការប្រកួតនេះមួយនេះ គឺទោះជាចាញ់យ៉ាងណាក្ដី ក៏នៅតែបានតំណែងជើងឯករង។

ការប្រកួតដ៏ស្វិតស្វាញនៅក្នុងសង្វៀនព្រែកកំពិសនោះ គឺជាការប្រកួតរវាងមនុស្ស៤នាក់ ដែលបានប្រឹងប្រកួតរហូតទទួលបានជោគជ័យកន្លងមក ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍ដណ្ដើមជើងឯក TV5 Boxing Knockout Series By K-Cement ដែលបានធ្វើឡើងច្រើនខែមកហើយ។

ការប្រកួតរបស់កីឡាករទាំង៤ គេចាប់អារម្មណ៍មួយគូដំបូងរវាងកីឡាករ លាភ រដ្ឋា បង្គោលក្រហម និង ឡុង រ៉ាមី បង្គោលខៀវ ដោយសារតែគូទាំងពីរសុទ្ធតែមានការតាំងចិត្តខ្ពស់ និងត្រូវបានគេអ្នកគាំទ្រជឿជាក់សមត្ថភាពដូចគ្នា ហើយពិបាកសម្រេចថាអ្នកណានឹងឈ្នះ១០០ភាគរយ។

ជ័យជម្នះរបស់គូនេះ គឺមានន័យថាអ្នកឈ្នះបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមយកលេខ១ ហើយអ្នកធ្លាក់បានត្រឹមតែដណ្ដើមយកតំណែងលេខ៣។

បង្គោលក្រហម លាភ រដ្ឋា ត្រូវគេឃើញមិនបានបន្ធូរដៃនោះទេ ដោយគ្រាន់តែបើកឆាកអោយប្រកួតក្នុងទឹកទី១ភ្លាម ក៏បញ្ចេញនូវអស់សមត្ថភាពតែម្ដង ដោយសារតែគេចង់បានឱកាសឡើងទៅប្រកួតដណ្ដើមយកជើងឯក ខណៈដែលគេឃើញការបរាជ័យរបស់ ឡុង រ៉ាមី គឺកើតឡើងដោយសារភ្លាត់ស្នៀតតែបន្តិចប៉ុណ្ណោះ គឺនៅពេលដែលគេចាញ់សំឡុតមួយពេល ហើយបណ្ដោយអោយកីឡាករលាភ រដ្ឋា វាយអោយដួល។

យ៉ាងណាមិញ កីឡាករអ្នកឈ្នះ មិនទាន់មានទំនុកចិត្តមួយរយភាគរយនោះដែរ សម្រាប់ការដណ្ដើមបានជើងឯក ក្រោយពេលដែលធ្វើអោយគូប្រកួត គឺ ឡុង រ៉ាមី បរាជ័យទាំងសោកស្ដាយនៅលើសង្វៀន៕