បន្ទាប់ពីទទួលជោគជ័យក្នុងគម្រោងបើក រមណីយដ្ឋាន CL Han Chey Resort នៅខេត្តកំពង់ចាម ក្រុមហ៊ុនល្បីឈ្មោះក្នុងវិស័យអចលនទ្រព្យដ៏ធំមួយនេះ របស់ខេត្តកំពង់ចាម បានសម្រេចបង្កើតក្រុមបាល់ទាត់ ប្រចាំក្រុមរបស់ខ្លួន ដោយក្រុមមួយនេះ បានបើកការប្រកួតលើកដំបូងកាលពីថ្ងៃទី ១ តុលា ឆ្នាំ២០២១។ ជំនួបលើកដំបូងជាមួយក្រុម ត្រាស់មី របស់នាយពែកមីនោះ គឺក្រុម CL Han Chey Resort បានក្លាយជាអ្នកឈ្នះ នៅវគ្គចុងក្រោយ។
លោក មោល ចាន់ណា នាយកប្រតិបត្តិ គម្រោង CL Han Chey Resort បានថ្លែងបញ្ជាក់ថា ដោយសារតែចូលរួមលើកស្ទួយវិស័យកីឡា និង ចង់បំផុសអោយបុគ្គលិកគ្រប់ផ្នែកចូលរួមលេងកីឡា ទើបក្រុមហ៊ុនបង្កើតក្រុមបាល់ទាត់នេះឡើង។ ក្រុមថ្មីដែលបានបង្កើតឡើងនេះ ប្រមូលផ្ដុំដោយបុគ្គលិកទីផ្សារ និង ថ្នាក់ដឹកនាំក្រុមហ៊ុនគ្រប់ជាន់ថ្នាក់ ហើយក្រុមហ៊ុនរបស់លោកក៏នឹងបង្កើតក្រុមបាល់ទាត់យុវជន ដែលមានសុទ្ធតែក្មេងៗជាកីឡាករផងដែរ។
លោក សាយ ម៉េងឡាយ ប្រធានក្រុមប្រឹក្សាភិបាល ប្រចាំក្រុមហ៊ុន បានបង្ហាញនូវអារម្មណ៍សប្បាយចិត្ត ដែលលោកបានរួមចំណែកក្នុងការបង្កើតក្រុមបាល់ទាត់មួយ ដែលអាចអោយលោកបានរួមចំណែកលើកស្ទួយវិស័យបាល់ទាត់។ លោកកាន់តែសប្បាយចិត្តដែលក្រុមរបស់លោកបើកឆាកការប្រកួតជាមួយក្រុមត្រាស់មី របស់នាយពែកមី ហើយបានឈ្នះការប្រកួត។ លោកក៏នឹងបន្តចំណាយធនធាន ដើម្បីជំរុញអោយក្រុមបាល់ទាត់ក្រោយការបង្កើតឡើងនេះមានការឈានឡើងផងដែរ។
លោក គូរ ពិសិដ្ឋ នាយកទីផ្សារក្រុមហ៊ុន CL Han Chey Resort យល់ថាជ័យជម្នះលើក្រុមពែកមី ដោយបាននាំមុខនៅវគ្គចុងក្រោយមួយគ្រាប់ គឺបណ្ដាលមកពីក្រុមរបស់លោក ពែកមី បន្ធូរបន្ថយតែប៉ុណ្ណោះ។ លោកថាការប្រកួតកីឡាមួយនេះ គឺជាគ្រាន់តែជួបក្នុងនាមបុគ្គលិកនិងបុគ្គលិកៗ និងសុទ្ធតែអ្នកមិនមានហានិភ័យពីជម្ងឺកូវីតទាំងអស់ ទើបក្រុមរបស់លោកហ៊ានបើកការប្រកួតលេងៗក្នុងរង្វង់គ្នាឯងបែបនេះ ហើយមុនលេងប៉ះគ្នា ក៏មានការតេស្តសុខភាពផងដែរ៕