ប៉ះគ្នាម្ដង ពុទ្ធ ម៉ាណូយ និងមាឃ វណ្ណរ៉ា រកលទ្ធផលឈ្នះអត់ឃើញ

0

នៅទីបំផុត ជំនួបប៉ះគ្នារវាងកីឡាករជើងខ្លាំង២រូប គឺ កីឡាករ ពុទ្ធ ម៉ាណូយ មកពីក្លិបពុទ្ធសេរីវង្សខណ្ឌពោធិ៍សែនជ័យ និងកីឡាករ មាឃ វណ្ណរ៉ា មកពីក្លិបរាជសីហ៍ខេត្តរតនៈគីរី ដែលមានការទទួលស្គាល់ថាជាកីឡាករជើងខ្លាំងឡើងកូដក្នុងប្រភេទទម្ងន់៦០គីឡូក្រាម បានត្រឹមតែស្មើគ្នាប៉ុណ្ណោះ ដោយរកលទ្ធផលឈ្នះមិនឃើញនោះឡើយ។ អ្នកទាំងពីត្រូវបានអ្នករៀបចំការប្រកួតប្រកាសថានឹងអាចប៉ះគ្នាសងសឹកក្នុងពេលបន្ទាប់ ដើម្បីចង់ដឹងថាបើជួបគ្នាម្ដងទៀត អ្នកណាមានប្រៀប។

ការប្រកួតដែលបានធ្វើឡើងក្នុងព្រឹត្តិការណ៍«ប្រដាល់កំពូលជើងឯក TV5 boxing Knock Out Series By K-Cement» ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម កាលពីល្ងាចថ្ងៃទី២២ កញ្ញានេះ កីឡាករបង្គោលក្រហម ពុទ្ធ ម៉ាណូយ ដែលមានការរំពឹងថា ឈ្នះ កីឡាករ មាឃ វណ្ណរ៉ា ខណៈដែលភាគីមាឃ សុវណ្ណរ៉ា ក៏មានជំនឿចិត្តដូចចគ្នាដែរនោះ បានបញ្ចប់ដោយលទ្ធផលស្មើគ្នាគួរអោយភ្ញាក់ផ្អើល។ បញ្ចប់ការប្រកួត៥ទឹក អ្នកទាំងពីរបានត្រឹមតែស្មើគ្នាប៉ុណ្ណោះ ស្របគ្នាដែលកីឡាករម្ខាងៗ ក៏បង្ហាញអារម្មណ៍បុកពោះយ៉ាងខ្លាំងខ្លាចមានការប្រកាសថាភាគីណាមួយជាអ្នកចាញ់ មុនពេលមានការប្រកាសលទ្ធផល។

លោក សេង កដិកា អ្នករៀបចំការប្រកួតប្រចាំនៅប៉ុស្ដិ៍លេខ៥ និយាយថា កីឡាករទាំងពីរគឺជាកីឡាករឡើងកូដ ហើយខ្លាំងម្ខាងៗ ទើបលោកសម្រេចិត្តអោយប៉ះគ្នានៅពេលការប្រកួតជើងឯករបស់លោក ឈានដល់វគ្គរកឃើញអ្នកខ្លាំង៤នាក់ ហើយតម្រូវអោយអ្នកទាំង៤នោះសម្រាកមួយសប្ដាហ៍ មុននឹងអោយប្រកួតជម្រើសយក២នាក់ទៅដណ្ដើមខ្សែក្រវាត់បន្ត។ លោកថាអ្នកទាំងពីរប្រកួតស្មើគ្នាដោយភាពទាក់ទាញ ទើបលោកនឹងគ្រោងអោយជួបគ្នាម្ដងទៀត ក្នុងពេលខាងមុខ៕