កាលពីថ្ងៃទី១កញ្ញា ការប្រកួតជ្រើសរើសជើងឯកនៅប៉ុស្តិ៍លេខ៥ ត្រូវបានបញ្ចប់ហើយក្នុងវគ្គប្រកួតគ្នាចាញ់ធ្លាក់ៗដណ្ដើមយកកៅអី៨នាក់សប្ដាហ៍ចុងក្រោយទៅកាន់វគ្គបន្ត។ អ្វីដែលគេភ្ញាក់ផ្អើល គឺ កីឡាករ សំ ភក្តី ដែលជាជើងខ្លាំងម្នាក់ បានរបូតកៅអីទី៧ទៅអោយ កីឡាករម្ខាងទៀតស្រួលដូចបកចេក ព្រោះតែមានបំណងស៊ីឡាក់ ហើយមិនបានជោគជ័យ។
នេះជាការប្រកួតស្ថិតក្នុងវគ្គជម្រុះដណ្ដើមកៅអី៨នាក់សប្ដាហ៍ចុងក្រោយនេះ នៅក្នុងព្រឹត្តិការណ៍កំពូលជើងឯកTV5 BOXING KNOCK OUT SERIES(K-Cement) បន្ទាប់ពីការប្រកួតបានចំណាយអស់ច្រើនខែ ប្រកួតជម្រុះចាញ់ធ្លាក់ៗតាំងពីវគ្គ៣២នាក់រហូតមក។ កីឡាករ ម៉ឺន មេឃា មកពីក្លិបកងចក្រភ្នំតូច ប៉ះកីឡាករសំ ភក្តីមកពីក្លិបរ៉ាហាប់ស្វាយប៉ាក ក្នុងនាមជាគូស៊ីសាច់ហុតឈាមទី១ ដើម្បីដណ្ដើមកៅអីទី៧ ក្នុងចំណោម៨នាក់ ឆ្ពោះទៅរកតំណែងជើងឯកវគ្គបន្ត។
ការប្រកួតរបស់អ្នកប្រដាល់ទាំង២ ធ្វើអោយអ្នកមកទស្សនាជក់ចិត្តយ៉ាងខ្លាំង ដោយសារតែការប្រកួតទើបតែចាប់ផ្ដើមបានមួយដង្ហើម ក៍រកឃើញចាញ់ឈ្នះបាត់ទៅហើយ។ ម្នាក់ៗហួសចិត្តព្រោះប្រកួតត្រឹមដើមទឹកទី១ កីឡាករ សំ ភក្តី បណ្ដោយអោយ មេឃា ដាក់ត្រូវប៉ុន្មានស្នៀត ហើយទំនងជាចំក្បែរៗប្រដាប់ការពារផង ទើបដួលភីងប្រកាច់ប្រកិនលើរេញ ដែលភាគីអ្នកសន្លប់ចង់ចាប់កំហុសដា មេឃា អុកត្រូវប្រដាប់ការពារ។ ក្រុមគណកម្មការបានសម្រេចចុចមើលវីដេអូសារចុះសារឡើង ហើយទីបំផុតក៍រកឃើញថាអុកត្រូវចំណុចសំខាន់ស្ថិតនៅពីលើប្រដាប់ការពារទៅវិញទេ ទើបនាំអោយមានការកំណត់លទ្ធផលផ្សេង។
ការប្រកួតនេះត្រូវគេមើលឃើញថា កីឡាករ សំ ភក្តី ខាតដើមដ្បិតបើតាមកម្លាំងអុកត្រូវចំកន្លែងចុកនោះ ក៍មិនដល់ថ្នាក់សន្លប់ក្រោកមិនរួចនោះដែរ ប៉ុន្តែមកពីកន្លែងរងរបស់គឺកៀកៗនឹងប្រដាប់ការពារ ដែលរំពឹងថា នឹងអាចចាប់កំហុសគូប្រកួតបាន ទើបខំផ្ដេកផ្ដួលរមួលផ្សំគ្រិចបន្ថែម។ នេះបើតាមសម្ដីពីគណកម្មការ។ យ៉ាងណាមិញ ការប្រកួតនាថ្ងៃនោះ កីឡាករ មេឃា បានក្លាយជាអ្នកឈ្នះយ៉ាងស្រួល ដោយមិនចាំបាច់ប្រើកម្លាំងបាយច្រើន៕