កីឡាករកម្ពុជា និងថៃ ៨នាក់ ដណ្ដើមទឹកប្រាក់៨ពាន់ដុល្លារ នៅSEATV

0

ព្រឹត្តិការណ៍ប្រដាល់ជើងឯកអន្តរជាតិខារ៉ាបាវរដូវកាលទី៧ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម បានបង្ហាញខ្លួនទៀតហើយ ដោយការប្រកួតនេះ ត្រូវបានប្រកាសថា អ្នកឈ្នះលេខ១ទទួលបានទឹកប្រាក់៥ពាន់ដុល្លារ និងលេខ២ បានទឹកប្រាក់៣ពាន់ដុល្លារ សរុបទឹកប្រាក់រហូតដល់៨ពាន់ដុល្លារ។

ការប្រកាសនេះត្រូវបានធ្វើឡើងតាំងពីថ្ងៃសុក្រទី ៣១ សីហា ឆ្នាំ២០១៨ នៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍អាគ្នេយ៍។

នេះជាការប្រកួតអន្តរជាតិដណ្ដើមខ្សែក្រវាត់ និងប្រាក់លានវគ្គថ្មី ដែលប្រកាសធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ SEATV រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង២រសៀល ដល់ម៉ោង ៤កន្លះរសៀល ដោយមានការរំពឹងថានឹងមានការចាប់អារម្មន៍យ៉ាងខ្លាំងជាមួយនឹងសមាសភាពដែលមានឈ្មោះឡើងប្រកួតនៅក្នុងវគ្គនេះ។ កីឡាករកម្ពុជា-និង ថៃ ដែលមានឈ្មោះឡើងប្រកួតនៅក្នុងប្រភេទទម្ងន់ 60 គីឡូក្រាមនោះ រួមមាន៖ កីឡាករឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ កីឡាករសុខ សាវិន មកពីក្លិបឆ្មា-សសែនសុខគុនខ្មែរ កីឡាករ លី ភា មកពីក្លិបសំរោងកោងខេត្តបាត់ដំបង និងកីឡាករ សូត្រ ប៊ុនធី មកពីក្លិបបក្សាស្លាបដែក ខណៈដែលសមាសភាពរបស់កីឡាករថៃ រួមមានកីឡាករ Phat Chhayak Phum កីឡាករ Phat Maha កីឡាករ Phat Ngenthong និងកីឡាករ Phat Thana។

កីឡាករទាំង៨ នឹងត្រូវកំណត់អោយចែកជា២ពូល ដោយកីឡាករកម្ពុជាប្រកួតខ្វែងជាមួយកីឡាករបរទេសសុទ្ធសាធ ដោយមិនជួបគ្នាក្នុងពូលឡើយ ហើយក្រោយការប្រកួតបានក្នុងម្នាក់៤ប្រកួត នឹងបូកពិន្ទុដើម្បីស្វែងរកអ្នកមានពិន្ទុលេខ១ពូលកម្ពុជា និងលេខ១ក្នុងពូលថៃ អោយឡើងប្រកួតយកលេខខ្សែក្រវាត់ និងលេខ២តែម្ដង ដោយមិនមានវគ្គ១ភាគ៤ឡើយ ដើម្បីអោយកីឡាករកម្ពុជា និងថៃ គឺបេក្ខភាពចុងក្រោយក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ការប្រកួតនេះ នឹងដំណើរការចាប់ពីថ្ងៃទី៨ កញ្ញា តទៅ។

លោក ហ៊ុយ សុខា ប្រធានទីផ្សារក្រុមហ៊ុនខារ៉ាបាវ បានអះអាងថា គោលបំណងដែលលោកសម្រេចចិត្តរៀបចំព្រឹត្តិការណ៍នេះជាថ្មី គឺដោយសារតែចង់រួមចំណែកលើកស្ទួយវិស័យប្រដាល់នៅកម្ពុជា និងចង់អោយកីឡាករកម្ពុជាកាន់តែមានឱកាសរកចំណូល និងមានឱកាសពង្រីកប្រជាប្រិយភាព។ លោករំពឹងយ៉ាងខ្លាំងថាកីឡាករ ដែលបានជ្រើសរើសនៅក្នុងប្រភេទទម្ងន់៦០គីឡូក្រាមទាំង៨ នឹងបើកប្រកួតសន្សំពិន្ទុយ៉ាងស្វិតស្វាញ ក្តៅគគុក និងកាន់តែអស្ចារ្យលើសពីការប្រកួតមុនៗទៅទៀត ដើម្បីបំពេញនូវការទទូចចង់បានរបស់អ្នកគាំទ្រទាំងអស់អោយកាន់តែមានការជក់ចិត្ត។