នៅសង្វៀនប៉ុស្តិ៍លេខ៥ ពេលនេះឃើញថា បានប្រព្រឹត្តទៅយ៉ាងរលូនបានមួយសប្ដាហ៍ទៀតហើយ ដោយមានគូប្រកួតសុទ្ឋតែពិសេសគួរអោយចង់ទស្សនា។ ជាក់ស្ដែង សូម្បីតែគូបើកឆាកនៅក្នុងថ្ងៃនោះ ក៏ត្រូវបានអ្នកគាំទ្រសរសើរខ្លាំង មិនចាញ់គូដណ្ដើមខ្សែក្រវាត់ ឬ គូឯកនោះដែរ។
នេះជាការប្រកួតប្រដាល់ជ្រើសរើសជើងឯកសែលកាតឆាំពានដែលបានរៀបចំឡើងរាល់សប្តាហ៍ហើយនាថ្ងៃទី៧វិច្ឆិកា ឆ្នាំ២០២០ នេះនាសង្វៀនប៉ុស្តិ៍លេខ៥ព្រែកកំពឹសក៏ចូលរួមប្រកួតពីសំណាក់គូដណ្តើមពានផងដែរ។ បង្គោលក្រហម កីឡាករ ធន់ វិស្នុ មកពីក្លិប សមាគមកីឡាប្រដាល់កងយោពលខេមរភូមិន្ទប្រកួតជាមួយបង្គោលខៀវ ផុន សុខវិបុល មកពីក្លិប ជ្រៃសែនជ័យខេត្តកំពង់ស្ពឺ។
ការប្រកួតឃើញមួយគូបើកឆាកនេះ គឺជាពន្លកកីឡាករដែលមកប៉ះគ្នា។ អ្វីដែលសាហាវម្យ៉ងដែរ ម្នាក់ៗវាយគ្នាពេញដោយកម្លាំងពិតជាសមគោស្ទាវមែន។ បង្គោលក្រហមក៏មានផ្លែចេញដាល់លើដៃគូបានល្អ។ ឯខៀវក៏វាយទៅវិញមិននៅស្ងៀមនោះទេ។ពោលបាំងទៅបាំងមក មិនអោយអ្នកទស្សនាខកចិត្ត។ រយៈពេល៥ទឹកពេញ ម្នាក់ៗវាយប្រដំប្រសងគ្នាមិនអាចស្មានថាខាងណាលើ។ ជាលក្ខណៈបច្ចេកទេស បង្គោលក្រហមធន់ វិស្នុជាអ្នកឈ្នះការប្រកួតដោយពិន្ទុ។ អ្នកទស្សនានិយាយថា កីឡាករវ័យក្មេងមួយគូនេះ បើចេះផ្ចុងផ្តើមអោយខ្លាំងនិងមានឈ្មោះល្បីព្រោះ ពូកែក្នុងការវាយប្រកួត។