ទោះចង់ប្រកួតបន្ត តែគ្រូបង្វឹកថៃស្នើឈប់ ក្រោយកូនសិស្សបែករយះខ្លាំង

0

មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែការប្រកួតអន្តរជាតិ កាលពីយប់ថ្ងៃទី២៥ សីហា កីឡាករថៃ Saber Fath ត្រូវបានកីឡាករកម្ពុជាបង្គោលក្រហម វ៉ែន សុវណ្ណ វាយអោយបែករយះដូចគេយកឡាមអារ ហើយមានសភាពហូរឈាមស្រោចមុខយ៉ាងរន្ធត់នៅលើសង្វៀន។ យ៉ាងណាមិញ ម្នាក់ៗសរសើរកីឡាករថៃមិនដាច់ពីមាត់នោះទេ ដោយសារតែគេនៅតែប្រកួតបន្ត ដោយសូម្បីតែលោកអាជ្ញាកណ្ដាលសួរថាបោះបង់ ឬមិនបោះបង់ ក៏នៅតែងក់ក្បាលថាបន្ត ដោយលុះត្រាគ្រូបង្វឹកខ្លួនឯងបង្ខំអោយឈប់ ទើបព្រមចុះពីរេញ។

ការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីវេលាម៉ោងជាង១០យប់ ដែលជាការប្រដាល់លអន្តរជាតិរៀងរាល់ថ្ងៃយប់ថ្ងៃសៅរ៍មួយនេះ គ្មានអ្នកណាមិនស្លុតចិត្តជំនួសនោះទេ ដោយសារតែកីឡាករថៃ ត្រូវគេឃើញបែកថ្ងាសហូរឈាម ដល់ថ្នាក់គ្រូពេទ្យជូតហើយក៏នៅទប់នឹងលំហូរឈាមមិនបាន។ ក្នុងពេលមិនទាន់រកឃើញចាញ់ឈ្នះ កីឡាករកម្ពុជា និងថៃ ត្រូវគេឃើញស្ទុះវាយសម្រុកគ្នាទៅវិញបានរស់រវើកខ្លាំងណាស់ ដោយកីឡាករកម្ពុជា វាយអោយកីឡាករថៃបែករយះត្រង់លើចិញ្ចើម នៅទឹកទី៣ ហើយបែកដល់ថ្នាក់ឈាមហូរដូចគេវះអោយឈាម ប៉ុន្តែកីឡាករថៃ ក្រៅពីមិនព្រមទំរន់ដើម្បីអោយលោកអាជ្ញាកណ្ដាលរាប់នាំអោយខាតពិន្ទុ ក៏ស្ទុះចូលវាយទាំងឈាមហូរ និងខ្ទាតពេញមុខធ្វើអោយអ្នកទស្សនាលាន់មាត់ស្រែកផង រន្ធត់ជំនួសផង។ តាំងពីបែកភ្លាមៗ កីឡាករថៃ មិនដកដៃនឹងការវាយលុកតបតតែម្ដង ដោយគេអាចនិយាយបានឈាមហូរដល់ថ្នាក់ស្រោចមុខ និងបាំងភ្នែកម្លឹងហើយ លោកនៅតែដើរសម្រុក និងវាយបំភ័យគូប្រកួត ដោយមិនខ្វល់ពីគ្រោះថ្នាក់។

កីឡាករថៃ ដែលត្រូវគេអះអាងថានឹងងងឹតមុខព្រោះតែឈាមបាញ់ចេញខ្លាំង និងបោះបង់ការប្រកួតដោយមិនបាច់មានអ្នកណាបង្ខំ គេបែរជាងក់ក្បាលចូលវាយគ្រប់ការបញ្ជាសួរពីលោកអាជ្ញាកណ្ដាល បើទោះជាវាយបានតែបន្តិចក៏ត្រូវចំណាយពេលជូតឈាម។ យ៉ាងណាមិញ នៅពេលការប្រកួតត្រូវបានបញ្ចប់ក្នុងទឹកទី៤ ហើយឈានវាយជួងអោយប្រកួតក្នុងទឹកទី៥ គ្រូបង្វឹករបស់កីឡាករថៃ បានប្រកាសមិនអោយគេប្រកួតបន្ត បន្ទាប់ពីបានមើលឃើញមុខរបួសត្រូវចំកន្លែងសំខាន់មិនអាចបណ្ដោយអោយហូរឈាមខ្លាំងទៀតបាន។ កីឡាករកម្ពុជា ញញឹមបិទមាត់មិនជិតនោះទេ បន្ទាប់ពីគ្រូបង្វឹកកីឡាករថៃ សម្រេចអោយឈប់ ក្នុងពេលគេក៏វាយទប់មិនចង់ជាប់ នៅពេលកីឡាករថៃសម្រុកខ្លាំង ស្របគ្នាដែលឈាមហូរខ្លាំងខ្ទាតត្រូវមុខកីឡាករកម្ពុជាទៅវិញ៕