រកឃើញម្ចាស់កៅអី៨នាក់ នៅប៉ុស្ដិ៍លេខ៥ទៀតហើយ

0

បន្ទាប់ពីរកឃើញម្ចាស់កៅអី៨នាក់នៅក្នុងព្រឹត្តិការណ៍ជើងឯកTV5 KNOCK OUK Series By (K-Cement) នៅព្រែកកំពឹស ដែលជាការរៀបចំរបស់ប៉ុស្ដិ៍លេខ៥កាលពីសប្ដាហ៍មុន២នាក់ហើយនោះ ពេលនេះប៉ុស្ដិ៍លេខ៥រកឃើញម្ចាស់កៅអី៨នាក់២នាក់ទៀតហើយ ដោយអ្នកដណ្ដើមបានមុនគេកាលពីថ្ងៃទី១៨ សីហា បានទៅលើ កីឡាករ វុត្ថា លាន់លិញ បង្គោលខៀវមកពីក្លិបអង្គរធំគុនខ្មែរ។

ជាមួយនឹងឱកាសឈានឡើងដែលកាន់តែកៀកនឹងការប្រកួតដណ្ដើមម្ចាស់ជើងឯកចុងក្រោយ គេហាក់មានការរំពឹងយ៉ាងខ្លាំងថាខ្លួននឹងអាចទៅរួចសម្រាប់វគ្គប្រកួតជម្រុះបន្ត។

កីឡាករ វុត្ថា លាន់លិញ បានអះអាងថាខ្លួនសប្បាយចិត្តយ៉ាងខ្លាំង ដោយសារតែការប្រកួតទាំងមូលលោកមិនសូវជាមានសង្ឃឹមថាឆ្លងផុតបានស្រួលអ៊ីចឹងនោះទេ ប៉ុន្តែចុងក្រោយបែរជាបានឈ្នះពិន្ទុ ដែលធ្វើអោយលោកមើលឃើញថាខ្លួនឆ្លងផុតកងព័ន្ធទី២ ដើម្បីឆ្ពោះទៅកាន់វគ្គបន្ទាប់។

លោកបានឈ្នះពិន្ទុក្នុងភាគរយនាំមុខយ៉ាងតិចតួចបំផុតនៅលើសង្វៀន ដោយជ័យជម្នះនេះ គឺជាអ្វីដែលលោកចង់បាន និងជាអ្វីដែលលោកមិនសូវមានជំនឿចិត្តប៉ុន្មានទេ ក្នុងពេលដែលគូប្រកួតរបស់លោក ប្រើសុទ្ធតែយុទ្ឋគុនយ៉ាងសាហាវៗដូចទឹកបាក់វាយសន្ឋាប់លើខ្លួនពេញក្នុងរយៈពេល៣ទឹក។

លោកថាតាំងពីទឹកទី១ខ្លួនបានបញ្ចេញថ្វីដោយមិនបានប្រហែសនោះទេ ដោយសារតែលោកចង់បានកៅអីទៅកាន់វគ្គបន្តជាទីបំផុត ដើម្បីបន្តឱកាសដណ្ដើមជើងឯកនៅប៉ុស្ដិ៍លេខ៥។ លោកថាបើការប្រកួតនោះ ទទួលបានបរាជ័យ ហើយត្រូវហាលអាវ នោះលោកពិតជាមានវិបដិសារីយ៉ាងខ្លាំង ដោយសារតែមុនមកប្រកួតគឺលោកប្រឹងប្រែងហ្វឹកហាត់សម្បើមណាស់ ដើម្បីត្រៀមខ្លួន៕