ដោយ: វង្ស សុសីហា
ខ្សែបម្រើពូកែស៊ុតពីចម្ងាយ ច្រឹង ពលរដ្ឋ បានក្លាយជាសមាជិកថ្មីរបស់ក្រុមជើងឯកលីគកំពូលប្រទេសថៃ Burriram United ហើយ ក្រោយពីរងនូវពាក្យចរចាមអារាមថាទៅអេស្ប៉ាញកន្លងមកនេះ។
នេះគឺជារឿង គួរឲ្យអបអរសាទរយ៉ាងក្រៃលែង ចំពោះកីឡាករកម្ពុជា នាពេលបច្ចុប្បន្ននេះ ដែលអាចវិវត្តន៍ខ្លួន ឈានទៅលេងឲ្យក្រុមគីឡូធ្ងន់ៗ នៅក្នុងតំបន់អាស៊ីអាគ្នេហ៍។ ជាក់ស្តែងណាស់ ច្រឹង ពលរដ្ឋ អតីតកីឡាកររបស់ក្រុមក្រសួងការពារជាតិ បានចូលរួមជាមួយក្រុម Burriram United ដែលជាក្លិបធំបំផុតមួយក្នុងប្រទេសថៃ។ ពលរដ្ឋ ត្រូវពាក់អាវស្លាកលេខ ២៤នៅក្លិបថ្មីរបស់គេ ដោយរំពឹងថា Burriram ច្បាស់ជាធ្វើឲ្យកីឡាករកម្ពុជារូបនេះ ទទួលបានជោគជ័យថ្មីជាក់ជាមិនខាន។ គួរបញ្ជាក់ផងដែរថា ច្រឹង ពលរដ្ឋ គឺជាកីឡាករដំបូងដែលបានទៅលងក្លិបធំនៅក្រៅស្រុកបែបនេះ ខណៈកីឡាករផ្សេងទៀត លេងបានក្លិបនៅលីគទី២ ឬទី៣របស់ថៃប៉ុណ្ណោះ រីឯកីឡាករលីគនៅម៉ាឡេស៊ីមិនល្បីដូច Buriram United ឡើយ ស្របពេលដែលចាន់ វឌ្ឍនាកា ទៅលេងនៅជប៉ុន បានត្រឹមលីគទី៣ប៉ុណ្ណោះ។
ដូច្នេះហើយ កីឡាករ ច្រឹង ពលរដ្ឋ នឹងមានឱកាសបង្ហាញខ្លួនឲ្យក្រុម Burriram United ក្នុងការប្រកួតប្រជែងលីគកំពូលរបស់ថៃ និងជាកីឡាករកម្ពុជាដំបូង ដែលបានបង្ហាញវត្តមានក្នុងការប្រកួត AFC Asia Champion League ជាមួយកីឡាករល្បីៗនៅតំបន់អាស៊ីជាច្រើនផងដែរ៕