ជាង៦០កីឡាករបាល់ទាត់ ចូលរួមសម្មាធិ និងស្ដាប់ឱវាទ បញ្ជៀស ភាពឆេវឆាវ

0

ពិធីដែលបានធ្វើឡើងនេះ គឺជាផ្ដួចផ្ដើមរបស់លោកបណ្ឌិត្យ Supachai Verapuchong អគ្គនាយកប៉ុស្តិ៍លេខ៥ និងជាប្រធានរបស់ក្រុមបាល់ទាត់ Tyfi Army FC អតីតក្រុមបាល់ទាត់ក្រសួងការពារជាតិ ដោយលោកអះអាងថា ពិធីដែលបានធ្វើនេះ មិនមែនគ្រាន់តែក្រើនរំលឹកអោយកីឡាករបាល់ទាត់ដែលបានចូលរួមស្ងប់ចិត្ត និង បាត់អារម្មណ៍តានតឹងប៉ុណ្ណោះទេ តែក៏ដើម្បីអោយកីឡាករទាំងនោះមានចិត្តសន្តិភាព និងគ្មានភាពឆេវឆាវដាក់គ្នា នៅក្នុងករណីមានការប៉ះទង្កិចណាមួយ នៅពេលមានការប្រកួតបាល់ទាត់នោះផងដែរ។ លោកថាពិធីនេះ ដ្បិតថាមើលទៅសាមញ្ញ ប៉ុន្តែលទ្ធផលដែលទទួលបានមកវិញ គឺនឹងធ្វើអោយកីឡាករមានចិត្តធ្ងន់ជាងមុន មានចិត្តអភ័យ និង គ្មានគំនិតប៉ះពៀរលើគ្នា ដែលមិនខុសពីជួយអោយវិស័យបាល់ទាត់មានតែការប្រកួតដោយមិត្តភាព និង ពោរពេញដោយកម្លាំងសាមគ្គី។ ក្នុងនោះក៏ជាការជួបជុំរវាងកីឡាករ ជាមួយគ្រូបង្វឹក និង ជាមួយថ្នាក់ដឹកនាំ ដែលកាន់តែបង្កើនកម្លាំងសាមគ្គី។

ពិធីដែលបានធ្វើឡើងនេះ កីឡាករបាល់ទាត់ និងក្រុមគ្រូបង្វឹកប្រមាណ៦០រូប បានចូលរួមធ្វើពិធីសម្មាធិរម្ងាប់ភាពឆេវឆាវ ដោយពិធីធ្វើឡើង កាលពីព្រឹកថ្ងៃទី២៧ មិថុនា ឆ្នាំ២០២០ ដែលការធ្វើនេះ គឺបន្ទាប់ពីកត់សម្គាល់ថាកីឡាករមួយចំនួនបានបង្កជាជម្លោះដាក់គ្នាផង នៅពេលមានការប្រកួតម្ដង។ ពិធីនេះត្រូវបានធ្វើឡើងនៅក្នុងបរិវេណវត្តសំរោងអណ្ដែត ក្រោមអធិបតីសម្ដេច រ័ត្ន សារឿន ជាព្រះចៅអធិការ និងថ្នាក់ដឹកនាំសហព័ន្ធប្រដាល់ និងមន្ត្រីជាន់ខ្ពស់ប្រចាំប៉ុស្តិ៍លេខ៥ ដោយមានទាំងកម្មវិធីអាហារសាមគ្គី នៅបន្ទាប់ពីធ្វើសម្មាធិ និងស្ដាប់ឧវាទព្រះសង្ឃសម្រួលផ្លូវចិត្តនោះផង។

លោក ក៏សម្ដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រុមបាល់ទាត់ កីឡាករ គ្រូបង្វឹក និង មន្ត្រីបម្រើការនៅប៉ុស្តិ៍លេខ៥ទាំងអស់ដែលបានសហការចូលរួម។ លោកមានគម្រោងដឹកនាំធ្វើពិធីនៅក្នុងឱកាសក្រោយៗទៀត ប៉ុន្តែនៅមិនទាន់ច្បាស់ថានឹងរៀបចំនៅពេលណានោះទេ ដោយត្រូវរង់ចាំអោយកីឡាករ និងគ្រូបង្វឹកទំនេរជុំគ្នាដូចក្នុងពេលនេះសិន។