៣គូខ្លាំងៗ សុទ្ធតែទាក់ទាញ នៅថ្ងៃសៅរ៍នេះ

0

នៅរសៀលថ្ងៃសៅរ៍ទី១៧ មិថុនា ឆ្នាំ២០២០នេះ សង្វៀនប្រដាល់របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅតែមានការប្រកួតបិទទ្វារ ដោយមានវត្តមាន កីឡាករកម្ពុជា និងកីឡាករកម្ពុជា សុទ្ធតែខ្លាំង និង ល្បីឈ្មោះ ហើយមានសមត្ថភាពតែម្ដងនឹងបង្ហាញខ្លួន។

ការប្រកួតបិទទ្វារនេះ ក៏ជួយអោយកីឡាករល្បីឈ្មោះ២រូបប៉ះគ្នាជាគូឯកផងដែរ បន្ទាប់ពីអ្នកទាំងពីរខានឡើងប្រកួតយូរលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ នោះគឺកីឡាករល្បីឈ្មោះ មាស សុជាតិ មកពីក្លិបឃ្លាំងមឿង ខេត្តពោធិសាត់ ក្លាយជាអ្នកប៉ះកីឡាករល្បីឈ្មោះដូចគ្នា គឺ ចៅ ផលឌឿ ដែលជាកីឡាករឡើងកូដល្បីគួរសមប្រចាំក្លិបសំរោងកោងខេត្តបាត់ដំបង។ ក្នុងនោះកីឡាករ៤រូបផ្សេងទៀត ក៏ក្លាយជាគូពិសេសនាសង្វៀននោះផងដែរ នោះគឺកីឡាករ ហ៊ា ចាន់ថន មកពីក្លិបគីសែមានរិទ្ធអាវុធគីមី ប៉ះជាមួយកីឡាករ លួន សុខខេង មកពីក្លិបពុទ្ធសេរីវង្សខណ្ឌពោធសែនជ័យ និងកីឡាករ សាំង សាលី មកពីខេត្តកំពង់ស្ពឺ ប៉ះជាមួយកីឡាករ សយ សុខ មកពីក្លិបវិបុលដារិទ្ធខណ្ឌពោធសែនជ័យ។

ការប្រកួតដែលនឹងធ្វើឡើងចាប់ផ្ដើមឡើងនៅម៉ោង២រសៀល ថ្ងៃសៅរ៍នេះ ត្រូវគេឃើញមានការរំពឹងខ្ពស់មិនខុសពីការប្រកួតមុនៗនោះទេ ដោយសារប៉ុស្តិ៍អាស៊ីអាគ្នេយ៍មានអ្នកទស្សនាច្រើនស្រាប់ រាល់ការផ្សាយបន្តផ្ទាល់ ក្នុងដំណាក់កាលកូវីត១៩នេះ។ កីឡាករកម្ពុជាទាំង៦រូប ដែលត្រូវគេស្គាល់ថាសុទ្ធតែជាជើងខ្លាំង ជាពិសេសគឺ កីឡាករ មាស សុជាតិ ដែលល្អខាងប្រើកណ្ដាប់ដៃ អមដោយបច្ចេកទេស ក្រោយឡើងកូដនៅក្នុងសង្វៀនប្រដាល់ និងកីឡាករជើងខ្លាំងកំពុងឡើងកូដ ចៅ ផលឌឿ នឹងក្លាយជាគូប្រកួតស៊ីសាច់ហុតឈាមដាក់គ្នា ខណៈដែលកីឡាករគូពិសេស៤រូបទៀតដែលមានឱកាសឡើងប្រកួតជាគូពិសេស ក៏ប្រកាសពីការត្រៀមខ្លួន។ ពួកគេម្នាក់ៗនឹងឡើងប្រកួតសុីសាច់ហុតឈាមជាមួយគ្នា តែក្នុងលក្ខណ្ឌមិត្តភាព ដើម្បីបង្ហាញកម្លាំងអោយអ្នកទស្សនាតាមផ្ទះទស្សនា។ អ្នករៀបចំការប្រកួតបានអះអាងថា កីឡាករទាំង៦ត្រូវគេប៉ះគ្នាក្នុងការប្រកួតលើកនេះ ដោយម្នាក់ៗគ្រាន់តែដឹងថានឹងត្រូវឡើងប្រកួតប៉ះគ្នា គឺទាំង៦នាក់ សុទ្ធតែបានត្រៀមខ្លួន ហើយមានការរំពឹងថាល្អមើលសម្រាប់ជំនួបប៉ះគ្នា។