កីឡាករ៤រូប សុទ្ធតែត្រូវការឈ្នះក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅប៉ុស្តិ៍លេខ៥

0

នៅថ្ងៃសៅរ៍ទី២៣ ឧសភា នេះ ប៉ុស្តិ៍លេខ៥ នឹងតម្រូវអោយកីឡាករដែលដណ្ដើមបានកៅអី៤នាក់ចុងក្រោយ ឡើងប្រកួតគ្នាចុងក្រោយ ដោយ២នាក់ប្រកួតយកលេខ៣ ហើយ២រូបទៀត ប្រកួតយកជើងឯក ជ្រើសរើសជើងឯករដូវកាលទី៧ ប្រកួតគ្នាជាលក្ខណៈស្វែងរក២នាក់ទៅប្រកួតដណ្ដើមពានហើយ បន្ទាប់ពីមិនអាចដំអក់ការប្រកួតមួយនោះ អោយនៅត្រាំត្រែងដោយអោយកីឡាករផ្សេងទៀតប្រកួតមិត្តភាពហើយផ្អឹបអ្នកត្រូវដណ្ដើមពានអោយនៅទៀតបាន។ កីឡាករ៤នាក់នឹងត្រូវប្រកួតគ្នាយក២នាក់ ទៅដណ្ដើមយកពានជើងឯក ក្នុងពេលដែលកីឡាករ២នាក់ ក៏ត្រូវគេអោយប្រកួតជាគូឯក ដែលសុទ្ធតែជាជើងខ្លាំង។

លោក អូឡាឡា អ្នកសម្របសម្រួលកម្មវិធីបញ្ជាក់ថា បើទោះជាបន្ទាប់ពីបានបើកសង្វៀនក្រោយពេលបិទចោលអស់មួយរយៈដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីត១៩ ហើយនៅតែមិនទាន់តម្រូវអោយមានអ្នកចូលទស្សនាដោយផ្ទាល់ ដែលធ្វើអោយការប្រកួតស្ងប់ស្ងាត់ ក៏ប៉ុស្តិ៍លេខ៥ នៅតែដំណើរការការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដើម្បីបញ្ចប់ការប្រកួតជ្រើសរើសជើងឯករដូវកាលទី៧ នៅសប្ដាហ៍នេះ។ ការប្រកួតដ៏សំខាន់មួយនេះ បើទោះបីជាត្រូវធ្វើឡើងដោយការប្រកួតបិទទ្វារ ក៏មានគូឯក១គូ ដែលចូលរួមប្រកួតដោយកីឡាករល្អ២រូបគឺ ជី ឆៃលី និង ស៊ិន ថៃសាន់ ដែលសុទ្ធតែអ្នកមានថ្វីដៃប៉ះគ្នាផងដែរ។ លោកថា ថ្នាក់ដឹកនាំបានសម្រេចអោយមានការការប្រកួតដ៏សំខាន់មួយនេះ ដើម្បីអោយឆាប់បញ្ចប់សព្វគ្រប់ ហើយនឹងបន្តការប្រកួតនូវជ្រើសរើសជើងឯកវគ្គថ្មី កុំអោយអ្នកមានមុខត្រូវដណ្ដើមពានដំអក់ចាំយូរ។ អ្នកទាំង២ ដែលមានឈ្មោះប្រកួតយកពាននោះ នឹងត្រូវប្រកួតគ្នាស្វែងរកអ្នកឈ្នះតែម្នាក់ អោយក្លាយជាម្ចាស់ប្រាក់លាន និង ពានជើងឯក ដោយលោកចាត់ទុកថា បើទោះជាការប្រកួតនោះ មិនមានអ្នកទស្សនាដោយផ្ទាល់ ក៏ជារឿងសំខាន់ផងដែរសម្រាប់អ្នកទាំង២។

កីឡាករ ទាំងពីររួមមាន កីឡាករ សោម វិឆ័យ និង កីឡាករ រិន សារ័ត្ន ដែលជាអ្នកមិនធ្លាប់ចាញ់សោះ សម្រាប់ការប្រកួតជម្រុះនាពេលកន្លងមក។ កីឡាករ រិន សារ័ត្ន មកពីក្លិបកងទ័ពជើងទឹក ត្រូវប្រកួតជាមួយកីឡាករ សោម វិឆ័យ មកពីក្លិបវិបុលដារិទ្ធិខ័ណ្ឌពោធិសែនជ័យ។ ក្នុងនោះសម្រាប់គូឯក គឺកីឡាករ ជី ឆៃលី មកពីក្លិបមជ្ឈមណ្ឌលកីឡាខេមរភូមិន្ទ ប្រកួតជាមួយកីឡាករ ស៊ីន ថៃសាន់ មកពីក្លិបឃ្លាំងជ្រៃសែនជ័យ។ អ្នកទាំង៤ សុទ្ធតែត្រូវការឈ្នះដូចគ្នា ដោយមួយគូត្រូវការពានជើងឯក ហើយមួយគូទៀត ត្រូវការឈ្នះដើម្បីរក្សាក្រេឌីត។ ការប្រកួតនេះ នឹងផ្សាយផ្ទាល់លើផេក និងលើទូរទស្សន៍ចាប់ពីម៉ោង៦ល្ងាចតទៅ នៅថ្ងៃសៅរ៍នេះ។