កីឡាករឡើងកូដ អេលីត សាន់ ដែលត្រូវគេស្គាល់ថាជាកីឡាករឡើងកូដមួយរូប ត្រូវបានគេប្រកាសអោយឡើងប្រកួតក្នុងនាមជាគូអន្តរជាតិជាមួយថៃ ដើម្បីកំដរសង្វៀនបន្តការប្រកួតជ្រើសរើសជើងឯករដូវកាលទី៧ក្នុងវគ្គតម្រូវអោយអ្នក៤នាក់សម្រាក បន្ទាប់ពីកម្មវិធីនេះរកឃើញអ្នកឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយត្រៀមប្រកួតយកពា។ នេះជាព្រឹត្តិការណ៍ Tv5 Knock out Serie by K-Cement រដូវកាលទី៧ ក្នុងប្រភេទទម្ងន់៦៣,៥ គីឡូក្រាម ដែលកាន់តែកៀកនឹងរកឃើញម្ចាស់ពាន។
ការប្រកួតដែលចាប់ផ្ដើមពីម៉ោង៦ល្ងាចនេះ ត្រូវគេឃើញមានការរំពឹងខ្ពស់មិនខុសពីការប្រកួតអន្តរជាតិមុនៗនោះទេ ដោយសារតែភាពជាក់ស្ដែងគឺព្រឹត្តិការណ៍ដំណើរការចំពេលល្ងាចថ្ងៃសម្រាក ដែលជាថ្ងៃមនុស្សម្នានៅតំបន់ព្រែកកំពិសនិយមមកទស្សនាកកកុញ ស្របគ្នាដែលនៅតំបន់ប៉ុស្ដិ៍លេខ៥ក៏មានកំណើនអ្នករស់នៅច្រើនឡើង ក្រោយមានវត្តមានសំណង់បុរីព្រោងព្រៀតប្រដេញគ្នា។