អគ្គនាយកប៉ុស្តិ៍លេខ៥ ទទួលបានសិទ្ធិគ្រប់គ្រងក្លិបក្រសួងការពារជាតិ រយៈពេល១០ឆ្នាំ

0

កាលពីថ្ងៃទី៦ មីនា ឆ្នាំ២០២០ មន្ត្រីជាន់ខ្ពស់របស់ប៉ុស្តិ៍លេខ៥ បានប្រកាសពីការទទួលបានសិទ្ធិក្នុងការគ្រប់គ្រងក្លឹបបាល់ទាត់ក្រសួងការពារជាតិ ឬ ក្លិបទ័ព រហូតដល់១០ឆ្នាំ ដោយពិធីប្រកាសនេះត្រូវបានធ្វើឡើងក្នុងវេទិកាសន្និសីទជាទ្រង់ទ្រាយធំផង។ នៅក្នុងពិធីនោះ ក្លឹបក្រសួងការពារជាតិ ក៏បានសម្រេចប្ដូរឈ្មោះបស់ខ្លួន និងប្រកាសកែទម្រង់ ដើម្បីជំរុញអោយក្លឹបបាល់ទាត់របស់ខ្លួនអោយ កាន់តែក្លាយជាក្រុមអាជីពលេចធ្លោក្នុងស្រុក។

ឈ្មោះថ្មីដែលក្លិបបាល់ទាត់នេះសម្រេចយកជាផ្លូវការ គឺក្លឹបសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ខណៈដែលការប្ដូរឈ្មោះនេះ មិនពាក់ព័ន្ធនឹងការរង្គោះរង្គើសមាជិកក្នុងក្រុមនោះទេ ផ្ទុយទៅវិញ គឺនឹងពង្រឹងរក្សាកីឡាករល្អៗអោយកានើតែខ្លាំង និងបន្ថែមការទិញកីឡាករបរទេស មកជួយលើកមុខមាត់់ក្លឹប។ ហេតុផលនៃការប្ដូរឈ្មោះនេះ ត្រូវបានធ្វើឡើងស្របគ្នានឹង អគ្គនាយកវិទ្យុ និងទូរទស្សន៍ប៉ុស្តិ៍លេខ៥ គឺលោក ស៊ុប៉ាឆៃ វិរះពូជុង គឺជាអ្នកដេញថ្លៃក្លឹបបាល់ទាត់នេះបានយកមកគ្រប់គ្រងរហូតដល់១០ឆ្នាំ ទើបវេទិកាសន្និសីទនៅក្នុងថ្ងៃនោះ ក្រៅពីប្រកាសប្ដូរឈ្មោះ ក៏មានការបង្ហាញពី MOU រវាងនាយកប៉ុស្តិ៍លេខ៥ និងក្រសួងការពារជាតិ ស្ដីពីការប្រគល់សិទ្ធិអោយនាយកប៉ុស្តិ៍លេខ៥ ជាអ្នកមើលខុសត្រូវក្នុងរយៈពេល១០ឆ្នាំ ចាប់ពីដើមឆ្នាំ២០២០ តទៅនោះផង ដោយក្នុងមួយឆ្នាំក្លឹបនេះត្រូវទទួលបានថវិកាផ្គត់ផ្គង់យ៉ាងតិច៣០ម៉ឺនដុល្លារ ដើម្បីដំណើរការក្នុងក្រុម។

លោក ស៊ុប៉ាឆៃ វិរះពូជុង មហាសេដ្ឋីមុខជំនួញ ដែលត្រូវគេស្គាល់ថាគឺជានាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានប្រកាសអោយដឹងថា ដោយសារតែកត់សម្គាល់ថា ក្លឹបបាល់ទាត់ក្រសួងការពារជាតិ គឺជាក្រុមខ្លាំងមួយពេលបច្ចុប្បន្ន តែនៅខ្វះអ្នកជ្រោមជ្រែងនៅឡើយ ទើបលោកសម្រេចចិត្តដាក់ទុនចូលរួមគ្រប់គ្រង ដើម្បីអោយក្រុមទាំងមូលក្លាយជាក្រុមខ្លាំងមួយ។ ម្យ៉ាងមកពី ប៉ុស្តិ៍លេខ៥ និងក្រសួងការពារជាតិ ជាពិសេសគឺ កងយោធពលខេមរភូមិន្ទ មានទំនាក់ទំនងស្និទ្ធិនឹងគ្នាតាំងពីយូរយារមកហើយផង ទើបឈានដល់ការជួយក្លឹបបាល់ទាត់មួយនេះ ដើម្បីរួមចំណែកជួយដល់វិស័យកីឡាប្រចាំនៅក្នុងក្រសួងការពារជាតិទាំងមូល។ លោកគម្រោងស្វែងរកដៃគូស្ពុនស័រជាច្រើនផ្សេងទៀត ជួយដល់ក្លឹបបាល់ទាត់មួយនេះ ដើម្បីជាប្រយោជន៍ដល់ក្លឹបទាំងមូល។

លោក ខូវ ឆាយ អគ្គលេខាធិការសមាគមបានថ្លែងបញ្ជាក់ថា លោករំពឹងយ៉ាងខ្លាំងថាវត្តមានរបស់លោកអគ្គនាយប៉ុស្តិ៍លេខ៥ នឹងជួយអោយក្លិបទាំងមូលទទួលបានភាពលេចធ្លោ ខណៈដែលរយៈពេលចុងក្រោយ ក្លិបក្រសួងការពារជាតិ ក៏ជាក្រុមខ្លាំងមួយក្នុង League កំពូល។ ជាមួយនឹងការបង្ហាញវត្តមានកីឡាករបរទេសចំនួន៥រូប ក្លិបនេះ ក៏ប្រកាសអញ្ចើញគ្រូបង្វឹកបរទេសមកជួយពង្រឹងក្រុមផងដែរ។