ដោយ៖ លោក វង្ស សុសីហា
ក្រុមជើងឯក Champion League ១៣សម័យកាល Real Madrid កំពុងតែត្រូវការកីឡាករយ៉ាងខ្លាំងបំផុតដើម្បីបំពេញមហិច្ចតានៅរដូវកាលក្រោយបន្ទាប់ពីខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo សម្រេចចិត្តចាកចេញពីក្លិបទាំងមិនស្តាយស្រណោះរួចមក។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Sky Sports ពីប្រទេសអ៊ីតាលី បានឲ្យដឹងថា ក្រុមដែលទទួលបានជោគជ័យច្រើន ក្នងរយៈពេល៥ឆ្នាំចុងក្រោយនេះ Real Madrid សម្លឹងឃើញកីឡាករឆ្នើម ២រូបនៅក្របខណ្ឌកំពូល Italian Serie A ។
ក្នុងនោះដែរ កីឡាករទាំង២រូប ដែលក្លិបយក្សអេស្ប៉ាញចង់បាននោះ គឺ ខ្សែប្រយុទ្ធអាហ្សង់ទីន និងជាម្ចាស់ស្បែកជើងមាស Serie A រដូវកាលមុន កីឡាករ Mauro Icardi របស់ក្រុម Inter Milan និងកីឡាករស៊ែប៊ី Sergej Milinkovic-Savic របស់ក្រុម Lazio ។ កីឡាករឆ្នើមទាំង២រូបនេះ សុទ្ធសឹងកំពុងបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្លិបរបស់ពួកគេ នារដូវកាលមុននេះ មិនតែប៉ុណ្ណោះ មានក្លិបធំៗមួយចំនួនក៍ប្រជែងដណ្តើមទិញយក Icardi និង Savic ដែរ ខណៈ Real Madrid វិញមិនញញើតក្នងការតាមប្រមាញ់ឡើយ។
យ៉ាងណាវិញ បើតាមប្រភពខាងលើដដែលនេះ បានបញ្ជាក់យ៉ាងច្បាស់ថា Mauro Icardi និង Sergej Milinkovic-Savic មានតម្លៃខ្លួនមិនទាបឡើយ ពួកគេម្នាក់ៗ នឹងមិនទាបជាង ១០០លានផោនឡើយ ពោល Real Madrid ត្រូវចំណាយខ្ទង់ជាង ២០០លានផោន បើចង់បានកីឡាករទាំង២រូបនេះ។
ដូច្នេះហើយ ក្រុម Real Madrid កំពុងតែផ្តោតយ៉ាងខ្លាំងក្នុងការនាំចូលកីឡាករថ្មីដើម្បីពង្រឹងក្លិប ខណៈ Mauro Icardi និង Sergej Milinkovic-Savic ស្ថិតក្នុងគោលដៅទិញចូល ដោយមិនមែនជា Paulo Dybala ដែលធ្លាប់ទទួលពាក្យចរចាមអារាមនាពេលកន្លងមកឡើយ៕