ធ្លាក់ការប្រកួតជើងឯករាប់មិនឈ្នះ តែ ណាម ម៉ូរ៉ាក់ នៅតែមិនរាថយ

0

ការប្រកួតជើងឯកប៉ុស្តិ៍លេខ៥ស្ទើរគ្រប់លើកកន្លងមក កីឡាករ ណាម ម៉ូរ៉ាក់ ចូលរួមមិនសូវបាត់មុខនោះទេ ដោយលទ្ធផលដែលបានស្ដែងឡើងក៏អវិជ្ជមាន។ យ៉ាងណាមិញ កីឡាកររូបនេះ នៅតែប្រកាសថានឹងតស៊ូចូលប្រកួត មុនរុញរាទេ។ ការលើកឡើងនេះ គឺបន្ទាប់ពីគេទទួលបានជ័យជម្នះលើកដំបូង កាលពីថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១៩មុននេះ នៅក្នុងការប្រកួតដណ្ដើមជើងឯករដូវកាលថ្មី ប៉ុស្តិ៍លេខ៥ ក្នុងវគ្គជម្រុះពី៣២រូប យក១៦រូប។

ណាម ម៉ូរ៉ាក់ និយាយថា លោកមិនបាក់ទឹកចិត្តទេ ដែលលោកចូលប្រកួតក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯក TV5 Knock Out Series By K-Cement ម្ដងជាពីរដង ប៉ុន្តែធ្លាក់ចេញពីការប្រកួតត្រឹមវគ្គទៅ២ និងទី៣។ ហេតុផលនៃការចូលប្រកួតដដែលៗនេះ គឺដោយសារតែលោក ចង់អោយមានឈ្មោះបោះសំឡេងនៅក្នុងវិស័យប្រដាល់ មុនពេលលោកមានវ័យជ្រេ ហើយតស៊ូប្រកួតលែងបាន។ ជាក់ស្ដែងសម្រាប់ការប្រកួតជាថ្មី ហើយបានឈ្នះកីឡាករ មាស សារ៉ាត់ កាលពីថ្ងៃទី២៨ ធ្នូ បើទោះជាការប្រកួតបន្តបន្ទាប់ នៅតែបរាជ័យច្រំដែល ក៏លោកមិនបាក់ទឹកចិត្តនោះដែរ។ យ៉ាងណាមិញលោកប្រកាសនឹងដាក់កំហិតខ្លួនឯងហ្វឹកហាត់អោយកាន់តែខ្លាំង ដើម្បីអោយការប្រកួតក្នុងវគ្គបន្តបន្ទាប់មានទំនុកចិត្តគ្រប់គ្រាន់។