នៅទីបំផុតការប្រកួតដណ្ដើមខ្សែក្រវាត់អន្តរជាតិលើកទី១០របស់ក្រុមហ៊ុនខារ៉ាបាវដ៏កក្រើកនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ត្រូវបានបញ្ចប់ហើយ ដោយកីឡាករកម្ពុជា យ៉េន ឌីណា ដែលមានឈ្មោះពិតថា ប៉ោ ភារិទ្ធិ គឺជាអ្នកដណ្ដើមបាន។ ខ្សែក្រវាត់អន្តរជាតិ និង ទឹកប្រាក់៤ពាន់ដុល្លារ ត្រូវបានកីឡាកររូបនេះ ដណ្ដើមបាន ដោយនេះគឺតំណែងជើងឯកលើកទី៦ហើយ ដែលគេទទួលបាន ចាប់តាំងពីមានឈ្មោះល្បីល្បាញ។
ការប្រកួតដែលមានអ្នកទស្សនាកកកុញនៅពេញសង្វៀននេះ កីឡាករ ប៉ោ ភារិទ្ធ ធ្វើបានល្អយ៉ាងខ្លាំង ប៉ុន្តែក៏នៅតែចង់ភ្លាត់ម្ដងៗ នៅពេលកីឡាករថៃ កូលាបដាំ ក៏បញ្ចេញថ្វីដៃវាយសម្រុកត្រូវចំគោលដៅ។ មួយគូវាយគ្នាល្អមើលតាំងពីទឹកទី២ ខណៈដែលនៅទឹកទី៤ កីឡាករថៃក៍ធ្វើអោយកីឡាករកម្ពុជាបុកពោះម្ដងៗ សម្រាប់លទ្ធផលមុនពេលប្រកាស។ ការប្រកួតនេះ កីឡាករកម្ពុជាមានអារម្មណ៍រំភើបចង់ហោះ នៅពេលពិធីករប្រកាសថា គេគឺជាអ្នកឈ្នះខ្សែក្រវាត់អន្តរជាតិខារ៉ាបាវរដួវកាលទី១០ ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម និង ទឹកប្រាក់៤ពាន់ដុល្លារ។ នៅក្នុងថ្ងៃនោះ កីឡាករកម្ពុជាមួយរូបទៀត គឺ ពុយ វណ្ណៈ ក៏វាយឈ្នះកីឡាករថៃ Loom Leng ដណ្ដើមបានចំណាត់ថ្នាក់លេខ៣ និងទឹកប្រាក់៦លានរៀលផងដែរ។
គួរបញ្ជាក់ផងដែរថា ការប្រកួតដែលទើបបញ្ចប់នេះ ចំណាត់ថ្នាក់លេខ១ បានខ្សែក្រវាត់អន្តរជាតិ១ ពាន១ អមដោយទឹកប្រាក់៤ពាន់ដុល្លារ លេខ២ ទឹកប្រាក់២៥០០ លេខ៣ ទឹកប្រាក់១៥០០ដុល្លារ និងលេខ៤ ទឹកប្រាក់១ពាន់ដុល្លារ។