គួរសរសើរ ផលិតករម្នាក់ តស៊ូដើម្បីអ្នកប្រដាល់ដល់ម្លឹង

0

កន្លងមកលោក ចាន់ មករា គេស្គាល់ត្រឹមតែជាអ្នកផលិតស្ពត និងជាអ្នកដឹកនាំសម្ដែងប៉ុណ្ណោះ ប៉ុន្តែគួរអោយសរសើរលោកបែរជាចេញមុខបោះទុន ដើម្បីរៀបចំការប្រដាល់មួយនៅក្នុងអតីតក្លិបតេក្វាន់ដូស៊ន សៀវម៉ី ក្នុងវិទ្យាល័យប្ញស្សីកែវ ដើម្បីផ្ដល់ឱកាសអោយក្មេងជាថ្នាល់ក្នុងអាជីពមួយនេះ បានបង្ហាញសមត្ថភាព។ លោកដើរតួជាអ្នកទ្រទ្រង់ នាំអោយកម្មវិធីប្រដាល់នេះ ដំណើរការបាន៣លើកហើយ ដោយក្នុងមួយលើកៗចំណាយប្រមាណជាជាង២ពាន់ដុល្លារ ហើយប្រសិនបើខាងស្ពុនស័រមិនមាននោះទេ នឹងក្លាយជាបន្ទុករបស់លោក។

លោក ចាន់ មករា ដែលគេស្គាល់ថាជាគូស្នេហ៍ របស់កញ្ញា ដេនីក្វាន់ ផង និយាយថា ដោយសារតែលោកមើលឃើញថាតារាសិល្បៈមានអ្នកចាប់អារម្មណ៍ជួយច្រើនហើយ ស្របពេលដែលខាងកីឡាប្រដាល់ ក៏មានតែចាប់អារម្មណ៍ជួយអ្នកល្បីៗ ហើយអ្នកពន្លកថ្មីៗ មិនសូវបានឡើងរេញ ទើបលោកសម្រេចជ្រោមជ្រែងកម្មវិធីមួយនេះ ផ្ដល់ឱកាសអោយក្មេងៗដែលស្រលាញ់ប្រដាល់លេចមុខលេខមាត់។ ការប្រកួត៣លើកដែលលោករៀបចំកន្លងមក លោកថាសង្វៀនទាំងមូលផ្ដោតតែលើកីឡាករជាថ្នាលក្មេងៗប៉ុណ្ណោះ ពោលគឺកីឡាករដែលមានសមត្ថភាព ហើយមិនទាន់ល្បីឈ្មោះ។ គោលបំណងរបស់លោក គឺចង់អោយកីឡាករទាំងនោះ ត្រូវបានអ្នករៀបចំការប្រកួតតាមប៉ុស្តិ៍ទូរទស្សន៍បានឃើញ ហើយដាក់គូអោយគ្នាឡើងរេញ ដើម្បីបានល្បី និង បានតម្លៃខ្លួនខ្ពស់ចិញ្ចឹមជីវិត។

លោក ចាន់ មករា បន្តថា លោកចូលរួមរបស់លោកកន្លងមក គឺមិនបានបើកប្រកួតជាទៀងទាត់ទេ ដោយពេលណាលោកមានពេល និងមានលុយទើបលោក និងអ្នករៀបចំរៀបចំ។ ជាក់ស្ដែងការប្រកួតមួយនេះ លេចឡើងច្រើនខែហើយ ប៉ុន្តែទើបតែប្រកួតបាន៣លើកប៉ុណ្ណោះ ដោយការប្រកួតមួយលើកៗ មានប្រមាណ៦គូ ឬ ៧គូ ហើយគូដណ្ដើមប្រាក់លាន គឺឈ្នះបាន១លានរៀល និងគូកំដររេញអន់ពាស់ក៏បាន២០ម៉ឺនរៀល។ ក្នុងនោះក៏ត្រូវចំណាយលើគណកម្មការ លើពិធីករ និងវង់ភ្លេងផងដែរ ដោយគ្រាន់តែតម្លៃភាគច្រើន គឺសហការ ទើបក្នុងមួយលើកៗចំណាយតែជាង២ពាន់ដុល្លារ។ ការចំណាយទាំងនេះ គឺលោក និងក្រុមគ្រួសារជាអ្នករ៉ាប់រង ប៉ុន្តែក៏មានការខ្នះខ្នែងរកស្ពុនស័រ ពីដៃគូផងដែរ ដោយគ្រាន់តែលោកទទួលខុសត្រូវជាងគេ។ លោមប្រកាសបន្តការប្រកួតមួយនេះ មិនឈប់នោះទេ ដោយគ្រាន់តែប្រកាន់ជំហរថា ប្រសិនបើលោកមានលុយគ្រប់គ្រាន់សម្រាប់ដំណើរក ឬ រកបានស្ពុនស័រ គឺនឹងមានការប្រកួតរាល់អាទិត្យ ឬ អាចរកបានស្ពុនស័រ តែបើអត់អ្នកចូលរួម គឺលោកសល់លុយពីមុខជំនួញគ្រប់ពេលណា រៀបចំពេលហ្នឹងដូចបច្ចុប្បន្ន។