ការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីព្រឹកថ្ងៃទី១៥ កក្កដា មុននេះ ម្នាក់ៗមានការលាន់មាត់សរសើរតែម្ដង ដោយសារតែ កីឡាករជើងខ្លាំងវ័យក្មេង ជា ល័ក្ខលៀត បង្គោលខៀវ មកពីអមតៈគុនខ្មែរ ខេត្តសៀមរាប ត្រូវគេឃើញវាយគេមិនដកដៃ ដោយវាយបិះនឹងអោយគូប្រកួតបះជើងផង ប៉ុន្តែចុងក្រោយគេបែរជាដួលខ្ពោកមិនខុសពីគោចាស់នៅលើសង្វៀន ដោយគ្រាន់តែត្រូវមួយដៃវិញរបស់គូប្រកួត។ កីឡាករ ពុទ្ធ ភារិន្ទ មកពីក្លិបពុទ្ធសេរីវង្សខណ្ឌពោធិសែនជ័យ ដែលប្រើតែមួយដៃហើយអាចធ្វើអោយគូប្រកួតសន្លប់ និងបោះបង់ការប្រកួត បានធ្វើអោយម្នាក់ៗសរសើរមិនដាច់ពីមាត់។
ការប្រកួតរវាងកីឡាករទាំងពីរនេះ ត្រូវបានបញ្ចប់ត្រឹមទឹកទី១ប៉ុណ្ណោះ ប៉ុន្តែបើក្រឡេកទៅមើលការប្រកួតគឺថាជក់ចិត្តតាំងពីវិនាទីដំបូង ដោយសារតែទាំងបង្គោលខៀវ និងក្រហម សុទ្ធតែមានថ្វីដៃល្អរៀងខ្លួន។ កីឡាករបង្គោលក្រហមដែលត្រូវគេឃើញដួលមិនចាញ់គោចាស់ នៅដើមការប្រកួតវាយត្រូវគូប្រកួតច្រើនណាស់ ដោយគេវាយត្រូវសុទ្ធតែចំកន្លែងគោលដៅធ្វើអោយអ្នកទស្សនាលាន់មាត់សរសើរនោះផង។
សម្រែកនៃការគាំទ្រកាន់តែមានសន្ទុះខ្លាំងឡើង បន្ទាប់ពីការប្រកួតរបស់ពួកគេ គឺបង្គោលខៀវវាយគេត្រូវច្រើនកន្លែង ប៉ុន្តែចុងក្រោយបែរជាសន្លប់ខ្លួនឯង ដោយគ្រាន់តែត្រូវបង្គោលខៀវវាយត្រូវមួយដៃ។ កីឡាករបង្គោលខៀវត្រូវគេឃើញលោកអាជ្ញាកណ្ដាលរាប់ដល់១០ទៅហើយ នៅតែមិនអាចក្រោករួច ហើយថែមទាំងដួលដល់ថ្នាក់រង្វេងវង្វាន់នោះផង ដោយសារតែមួយដៃដែលបង្គោលខៀវវាយត្រូវ គឺត្រូវចំសៀតផ្កា ដែលជាចំណុចសំខាន់។ ការប្រកួតរបស់គូនេះ ធ្វើអោយម្នាក់ៗលាន់មាត់ ជាពិសេសជាមួយនឹងកណ្ដាប់ដៃក៏ខ្លាំងរបស់អ្នកឈ្នះ ដែលវាយតែមួយដៃគឺអាចធ្វើអោយបង្គោលក្រហមវ័យក្មេងដួលដូចគោចាស់ នៅលើសង្វៀន។
លោកញាណ សុធី អ្នករៀបចំការប្រកួតបញ្ជាក់ថា ការប្រកួតមួយគូនេះវាយល្អ ហើយបើទោះជាបើកឆាកទឹកទី១មិនទាន់ចប់ផង ក៏ស្រាប់តែរកឃើញចាញ់ឈ្នះ ប៉ុន្តែលោកថាការប្រកួតរបស់ពួកគេល្អមើល និងធ្វើអោយអ្នកគាំទ្រអស់ចិត្ត៕