ផ្ទុយពីការប៉ាន់ស្មាន កីឡាករល្បីល្បាញរបស់កម្ពុជា ផាន់ គ្រាន់ ឡើងប្រកួតជាមួយថៃមិនបាន២ទឹកនោះឡើយ នៅក្នុងការប្រកួតជាលក្ខណៈអន្តរជាតិមិត្តភាព នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យទី ៣ វិច្ឆិកា ឆ្នាំ២០១៩។ អ្វីដែលគួរអោយភ្ញាក់ផ្អើល គឺកីឡាកររូបនេះបរាជ័យដោយសារតែភ្លាត់ខ្លួនឯងសុទ្ធសាធ។
ការប្រកួតដែលបានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ របស់សង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នោះ កីឡាករ ផាន់ គ្រាន់ បង្គោលក្រហម ត្រូវប៉ះជាមួយកីឡាករថៃ ឈ្មោះ Phat Ka ដោយការប្រកួតរវាងអ្នកទាំងពីរគឺជាលើកទី៦ហើយ។ មួយគូនេះឈ្នះចាញ់ៗកន្លងមក ទើបគេអាចនិយាយបានថា សមត្ថភាពរបស់មួយគូនេះ គឺមិនលើសគ្នា។ យ៉ាងណាមិញការប្រកួតដែលទើបបញ្ចប់ក្ដៅៗ កីឡាករ ផាន់ គ្រាន់ មិនទាន់ធ្វើអោយអ្នកទស្សនាជក់ចិត្តនៅឡើយផង ក៏ស្រាប់តែបញ្ចប់ទាំងមិនអស់ចិត្ត ដោយសារតែកីឡាករកម្ពុជា យកកែងដៃដែលមានរបួសកន្លងមក ទៅអុកចំក្បាលកីឡាករថៃ ធ្វើអោយកម្លាំងទង្គិចបណ្ដាលអោយកែងដៃរបស់លោកឈឺចុកខ្លាំង ហើយគាប់ជួនជាកីឡាករថៃវាយបកមកទាត់ប៉ុន្មានជើងចំកន្លែងឈឺនោះផង ក៏សម្រេចចិត្តបោះបង់ការប្រកួត ដោយអោយថៃឈ្នះក្នុងទឹកទី២តែម្ដង។