សេក គឹមអាន និង ឡុង សំណាង ថ្មីមែន តែធ្វើអោយកក្រើក Boostrong Fighter

0

ការប្រកួតសង្វៀននៅក្នុងព្រឹត្តិការណ៍ Boostrong Fighter on Fire របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២០ តុលា ឆ្នាំ២០១៩ មិនមែនទាល់តែគូប្រកួតក្នុងស្រុកខ្លាំងៗ និងគូប្រកួតអន្តរជាតិ ទើបធ្វើអោយកក្រើកនោះទេ កីឡាករជើងថ្មី ២រូប គឺ បង្គោលក្រហម សេក គឹមអាន និង បង្គោលខៀវ ឡុង សំណាង ក៏ធ្វើអោយកក្រើកសង្វៀនមិនធម្មតានោះដែរ។ ការប្រកួតរបស់អ្នកទាំងពីរអ្នកខ្លះសរសើរថា វ៉ៃល្អ និងស្វិតស្វាញជាងកីឡាករល្បីៗផង។

លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ ញញឹមបិទមាត់មិនជិតនោះទេ នៅពេលមានការសរសើរថា កីឡាករជើងថ្មីទាំងពីរបើកឆាកប្រកួតគ្នាល្អមើល។ តាំងពីទឹកទី១ រហូតដល់ទឹកចុងក្រោយ គឺអាចនិយាយបានថា មិនមានទឹកណា ដែលកីឡាករបង្គោលខៀវ និងបង្គោលក្រហមទាំងពីរបន្ធូរដៃអោយគ្នានោះទេ។ លោកថាកីឡាករថ្មីខ្លះ គឺល្អបែបហ្នឹង ទើបលោកសប្បាយចិត្តក្នុងការដាក់អោយប្រកួត ដោយលោកបានទាំងចាត់ទុកថា កីឡាករល្បីខ្លះ បើកប្រកួតមិនខុសពីការប្រឡែងគ្នាលើរេញ មិនស្មើកីឡាករ មិនល្បីនោះទេ។

មួយនេះវាយគ្នាអស់ពីសមត្ថភាពពេញ៥ទឹក ដោយកីឡាករ បង្គោលក្រហម បានឈ្នះពិន្ទុទាំងប្រផិតប្រផើយ ដោយសារតែមានឱកាសទាត់អោយបង្គោលខៀវឈឺជើងប៉ុណ្ណោះ។ អ្នកទស្សនាភាគច្រើនលាន់មាត់នឹងមួយគូនេះ និងថា បើកីឡាករគ្រប់គូរវាយគ្នាបានល្អអស់ដៃបែបនេះ ច្បាស់ណាស់ថា វិស័យប្រដាល់ នឹងមានការគាំទ្រខ្លាំង៕