បង្គោលខៀវ ទិត្យ សុវណ្ណគីរី ឡើងអង្គុយកៅអី១៦នាក់ ក្នុងសប្ដាហ៍បិទគូទ

0

ការប្រកួតបិទគូទជ្រើសរើសជើងឯកក្នុងវគ្គ៣២នាក់យក១៦នាក់សប្ដាហ៍ចុងក្រោយ ត្រូវបានបញ្ចប់ហើយ កាលពីថ្ងៃទី៧ កញ្ញា ឆ្នាំ២០១៩។ កីឡាករបង្គោលខៀវ ទិត្យ សុវណ្ណគីរី មកពីក្លិបសមាគមីឡាប្រដាល់ក្រសួងកសិកម្ម គឺជាអ្នកឈ្នះពីការប្រកួតនោះ បន្ទាប់ពីប្រើបច្ចេកទេសបានល្អ ហើយធ្វើឲ្យបង្គោលក្រហម ពិល រ័ត្ន មកពីក្លិពន្លឺសាមគ្គីខេត្តបាត់ដំបង បោះបង់ការប្រកួតក្នុងទឹកទី២។

ការប្រកួតដែលបានធ្វើឡើងនៅសង្វៀនប៉ុស្តិ៍លេខ៥ នៅព្រែកកំពិសមួយនេះ បានបញ្ចប់ការប្រកួតក្នុងជុំទី១ហើយ ដោយស្វែងរកឃើញអ្នកឈ្នះចំនួន១៦នាក់ ដើម្បីទៅបន្តការប្រកួតចាញ់ធ្លាក់ៗ យកតែ៨នាក់បន្តទៀត។ កីឡាករ ទិត្យ សុវណ្ណគីរី បង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានយកឈ្នះ បើទោះជាគេមិនទាន់រំពឹងខ្លាំងសម្រាប់ឱកាសឈ្នះក្នុងជុំទី២។ លោកថាខ្លួននឹងប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដោយសារតែលោកចង់បានកៅអីក្នុងវគ្គ៨នាក់ ក្នុងមួយជំហានទៀត។