ប៉ះគ្នា៣ដង កីឡាករ ឌុន រ៉យ៉ា នៅតែចាញ់ ឡុង ពិសិដ្ឋ

0

ដ្បិតតែនៅក្មេងវ័យ និងទើបមានឈ្មោះបោះសំឡេងនៅក្នុងសង្វៀនប្រដាល់មែន ប៉ុន្តែកីឡាករវ័យ១៦ឆ្នាំ ឌុន រ៉យ៉ា បង្គោលក្រហម និង កីឡាករវ័យប្រហែលគ្នា ឡុង ពិសិដ្ឋ បង្គោលខៀវ បានបើកឆាកប្រយុទ្ធនៅប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី១៧ សីហា ឆ្នាំ២០១៩ ធ្វើអោយអ្នកទស្សនាលាន់មាត់សរសើរគ្រប់គ្នា។ មួយគូនេះប៉ះគ្នាសងសឹក ប៉ុន្តែក្រោយបញ្ចប់៥ទឹក កីឡាករបង្គោលក្រហម នៅតែចាញ់ដោយពិន្ទុទាំងមិនអស់ចិត្តដដែល។

យោងតាមប្រវត្តិប្រកួតកីឡាករ ឌុន រ៉យ៉ា និង កីឡាករ ឡុង ពិសិដ្ឋ ប៉ះគ្នាចំនួន២ដងមកហើយ ដោយការប៉ះគ្នាមុនៗ គឺកីឡាករ រ៉យ៉ា បរាជ័យដោយពិន្ទុស្ទួនគ្នាតែម្ដង។ យ៉ាងណាមិញ កីឡាករមួយគូនេះ បើទោះជាម្នាក់ៗក្មេងវ័យ ប៉ុន្តែកីឡាករណាមួយក៏បើកការប្រកួតធ្វើអោយអ្នកទស្សនាអស់ចិត្តនោះដែរ ដែលមាន័យថា ពួកគេវ៉ៃល្អ ហើយកីឡាករ ពិសិដ្ឋ បើទោះជាឈ្នះក៏មិនមែនងាយស្រួល។ ជាក់ស្ដែងការប្រកួតជាលើកទី៣ កីឡាករទាំងពីរប៉ះគ្នាបានល្អមើលយ៉ាងខ្លាំង ដោយសារភាគីមួយត្រូវការសងសឹក ហើយភាគីមួយទៀតត្រូវការការពារលទ្ធផល។ ការប្រកួតដែលទើបបញ្ចប់ចុងក្រោយ កីឡាកររ៉យ៉ា វាយឈ្នះ២ទឹក ប៉ុន្តែកីឡាករបង្គោលខៀវ មានប្រៀប៣ទឹក ជាពិសេសក្នុងទឹកទី៣ ទើបចប់ការប្រកួតមានសំណាងបានឈ្នះម្ដងទៀត ហើយធ្វើអោយបង្គោលក្រហមខកចិត្ត៕