ការលេចធ្លាយនូវពត៌មានជាច្រើន ទាក់ទងនឹងក្លិបយក្សអេស្ប៉ាញ ទាំង២ Real Madrid និង Barcelona កំពុងចាប់អារម្មណ៍ចង់បានកីឡាករឆ្នើម Mohamed Salah ពីក្រុមហង្សក្រហម Liverpool បានធ្វើឲ្យក្លិបអង់គ្លេសមួយនេះ ព្រួយបារម្ភខ្លាចបាត់បង់យ៉ាងខ្លាំង។
បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool បានត្រៀមចងជើង Mohamed Salah មិនឲ្យចាកចេញពី Anfield ឡើយនៅរដូវកាលក្រោយនេ។ Liverpool បានត្រៀមតម្លើងថ្លៃឈ្នួលប្រចាំសប្តាហ៍ដល់ Salah រហូតដល់ទៅ ២០ម៉ឺនផោនក្នុងមួយសប្តាហ៍ ពោល Salah នឹងក្លាយជាកីឡាករ ដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេបំផុត នៅ Anfield ។
ជាការពិតណាស់ Mohamed Salah បានផ្លាស់ពីក្រុម Roma មកកាន់ Liverpool កាលពីរដូវក្តៅមុន ក្នុងតម្លៃ ៣៤,៣លានផោន ដោយទទួលបានប្រាក់ឈ្នួល ១២ម៉ឺនផោនក្នុងមួយ សប្តាហ៍ ។ ក៍ប៉ុន្តែ ការលេងមិនទាន់បានមួយរដូវកាលស្រួលបួលផង Salah បានបង្ហាញទម្រង់លេង យ៉ាងល្អ រហូតមានក្លិបធំៗជាច្រើនដូចជា Real Madrid និង Barcelona ហ៊ានផ្តល់តម្លៃ ២០០លានផោន ដើម្បីទិញយកកីឡាករអេហ្ស៊ីបរូបនេះ។
ដោយយល់ច្បាស់ពីស្ថានការណ៍ ឈានទៅរកការបាត់បង់បែបនេះ ក្រុមហង្សក្រហម Liverpool បានសម្រេចចិត្ត តម្លើងប្រាក់ឈ្នួលដល់កីឡាកររូបនេះ រហូតដល់ទៅ ២០ម៉ឺនផោន ក្នុងមួយសប្តាហ៍ ហើយក្លាយជាកីឡាករ ដែលមានប្រាក់ពលកម្មខ្ពស់ជាងគេបំផុតប្រចាំ Liverpool ផងដែរ។