ធៀបនឹងការប្រកួតរបស់អ្នកដណ្ដើមបានកៅអីឡើងទៅកាន់វគ្គបន្តមុនៗ គេកត់សម្គាល់ថាកីឡាករ សេក ចៅជូត ដែលកក់បានកៅអីវគ្គ១៦នាក់ នៅក្នុងព្រឹត្តិការណ៍ ជម្រុះជើងឯក TV5 Kkock Out Series By K.cement រដូវកាលទី៣ កាលពីថ្ងៃទី១៦ មិថុនា គឺសឹងមិនមានការប្រកួតជាលក្ខណៈបច្ចេកទេសតែម្ដង។ លោកគិតតែវាយសម្រុកឈ្មុលទៅមុខ មិនខុសពីក្មេងឈ្លោះគ្នានោះទេ ប៉ុន្តែលទ្ធផលដែលកីឡាកររូបនេះទទួលបាន គឺធ្វើអោយកីឡាករ ផាន រៈ ជាកីឡាករជាគូប្រកួតបាក់ជំហរក្នុងការតស៊ូ ហើយចុងក្រោយអ្នកវាយលេងៗ ដូចខ្វះបច្ចេកទេសរូបនេះ ដណ្ដើមបានកៅអី១៦នាក់ទៅកាន់វគ្គបន្ត។
ក្រោយត្រូវបានប្រកាសថាឈ្នះ កីឡាករវ័យក្មេង សេក ចៅជូត បានសារភាពថា លោកហ្វឹកហាត់ការប្រដាល់មិនបានរយៈពេលយូរណាស់ណានោះទេ ហើយបើនិយាយពីលក្ខណៈបច្ចេកទេសក្នុងការប្រដាល់ក៏លោកមិនសូវជាដឹងនោះដែរ ស្របគ្នាដែលបទពិសោធន៍ក៏តិចនៅឡើយ។ ប៉ុន្តែលោកថាអត់ខ្វល់រឿងបច្ចេកទេស ឬមិនបច្ចេកទេសនោះទេ ពោលគឺអោយតែវាយបានមុន ចេញស្នៀតបានមុន ហើយវាយត្រូវគោលដៅបានខ្លះ គឺលោកយល់ថានឹងបានទទួលពិន្ទុ។ កីឡាកររូបនេះ និយាយថា លោកមកប្រកួតនៅប៉ុស្ដិ៍លេខ៥លើកនេះ មានឈ្មោះឡើងប្រកួត ដោយសារតែគ្រូបង្វឹកក្នុងក្លិបអង្គរមានជ័យខេត្តសៀមរាប ផ្ដល់ឱកាសដាក់អោយប្រកួតប៉ុណ្ណោះ បន្ទាប់ពីដឹងថាលោកនៅខេត្តសៀមរាប ក៏មិនមានការងារមួយច្បាស់លាស់ ហើយត្រូវការលុយដើម្បីជីវិត និងគ្រួសារ។ គាប់ជួនជាលោកក៏មានកម្លាំងចិត្តចង់ក្លាយជាអ្នកប្រដាល់យ៉ាងអស់ពីកម្លាំងចិត្តផង ទើបគ្រូបង្វឹកអោយលោកមានឈ្មោះក្នុងប្រកួតនៅប៉ុស្ដិ៍លេខ៥ ដែលលោកប្រាប់ថាគឺជាឱកាស។
លោកថាព្រឹត្តិការណ៍ជម្រុះជើងឯកនៅប៉ុស្ដិ៍លេខ៥ លោកធ្លាប់តែមើលធ្លាប់តែស្រម៉ៃ អ៊ីចឹងហើយទើបក្រោយពេលមានឈ្មោះ ហើយដឹងថាបានមកប្រកួតជម្រុះ ក៏ខ្ចីលុយគេធ្វើដំណើរពីខេត្តសៀមរាបមក ដើម្បីមកប្រកួត ហើយលទ្ធផលគឺលោកបានឈ្នះ។ លោកថាការប្រកួតដែលបានឈ្នះនោះ មិនមែនឈ្នះដោយប្រើសមត្ថភាព និងបច្ចេកទេសទាំងស្រុងនោះទេ ប៉ុន្តែគឺឈ្នះដោយលោកលែងខ្លាចគ្រោះថ្នាក់ ហើយគិតតែវាយសម្រុកដើម្បីចង់ឈ្នះ ចង់បានឈ្មោះឡើងវាយបន្ត ពោលគឺដើម្បីបានលុយ និងមានការទទួលស្គាល់។
លោកសារភាពថាឱកាសឡើងរេញនៅក្នុងព្រឹត្តិការណ៍របស់ប៉ុស្ដិ៍លេខ៥កាលនោះ គឺលោកអស់ដឹងថាត្រូវវាយយ៉ាងមិចជាលក្ខណៈបច្ចេកទេសទេ គឺដឹងត្រឹមថាវាយចេញអោយបានច្រើន គឺគ្រប់គ្រាន់ ដោយសារតែលោកខ្លាចគូប្រកួតវាយត្រូវ ឬវាយបានមុនប៉ុណ្ណោះ។
ក្រោយពីកក់បានកៅអី១៦នាក់តាមការចង់បាននេះ កីឡាករ សេក ចៅជូត នឹងត្រូវត្រៀមខ្លួនឡើងប្រកួតក្នុងវគ្គ១៦នាក់យកតែ៨នាក់ទៀត ដោយលោកនិយាយថាទោះមិនមានសង្ឃឹមច្រើន ក៏ដឹងតែវាយសិនដែរ ដើម្បីអោយអ្នកគាំទ្រដឹងថាលោកតស៊ូក្នុងអាជីពកីឡា ហើយបន្តផ្ដល់ឱកាសអោយលោកឡើងរេញ ដើម្បីបានលុយដោះស្រាយជីវភាព៕