កាលពីថ្ងៃទី១១ ឧសភា ២០១៩ ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៥ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម គេមិននឹកស្មានថា កីឡាករបង្គោលខៀវ ផាន់ សូផាត មកពីក្លិបពុទ្ធសេរីវង្សខណ្ឌពោធិសែនជ័យ អាចឈ្នះគូប្រកួត ហើយទម្លាក់បង្គោលក្រហម អេ ហនុមាន មកពីក្លិបអេភូថងកីឡា ដែលជាកូនសិស្សសំណព្វចិត្តរបស់អតីតកីឡាករល្បីឈ្មោះ អេ ភូថង ដែលជាកីឡាករវ័យក្មេងឡើងកូដ និងជាសិស្សជើងខ្លាំងហើយ អោយហាលអាវបានសម្រេចនោះទេ ដោយសារកីឡាករបង្គោលក្រហមគឺជាជើងខ្លាំងល្អម្នាក់។ នេះជាការប្រកួតក្នុងវគ្គជម្រុះរវាងអ្នកឈ្នះទាំង១៦នាក់ ដើម្បីអោយអ្នកឈ្នះក្នុងជុំទី១ទាំង១៦ ប្រកួតទម្លាក់គ្នាយកតែ៨នាក់ ក្នុងសប្ដាហ៍ទី២។
បង្គោលក្រហម អេ ហនុមាន គឺជាកីឡាករជើងខ្លាំងល្បីឈ្មោះ និងមានប្រវត្តិធ្លាប់ខ្លាំងស្ទើរគ្រប់សង្វៀនមកហើយ ទើបក្រោយការបញ្ចប់ការប្រកួត ហើយលទ្ធផលបង្ហាញថាបង្គោលខៀវដែលជាកីឡាករវ័យក្មេង និងមិនសូវមានឈ្មោះបោះសំលេង បែរជាអ្នកផ្ដួលអោយសន្លប់ក្នុងទឹកទី១ ទាំងមិនគួរអោយជឿ។ បង្គោលខៀវ បង្ហាញអារម្មណ៍លោតកញ្ជ្រោលសប្បាយចង់ហោះតែម្ដង ខណៈដែលសាមីខ្លួនខ្លួនឯង ក៍មិននឹកស្មានថាអាចឆ្លងផុតកីឡាករ អេ ហនុមាន ហើយចូលដល់វគ្គ៨នាក់បែបនេះ។ យ៉ាងណាមិញលោកនៅតែបង្ហាញអារម្មណ៍ភ័យៗសម្រាប់ការប្រកួតជម្រុះក្នុងវគ្គបន្ត ដោយមិនទាន់ដឹងថា នឹងមានសំណាងបែបនឹងម្ដងទៀត ឬ ត្រូវជ្រុះហាលអាវ លែងបានប្រកួតបន្តនោះទេ។