ដ្បិតថា កីឡាករ នី សុភី មមាញឹកសកម្មភាពនឹងអាជីវកម្មលក់ដីជាមួយកីឡាករបឺត ខាំ នៅខេត្តកំពុងស្ពឺ ច្រើនជាងចង់ប្រដាល់ដូចមុន ក៍កីឡាករកម្ពុជារូបនេះ នៅតែមានសមត្ថភាពអាចផ្ដួលគូប្រកួតអោយសន្លប់ក្នុងទឹកទី៣។
ការប្រកួតអន្តរជាតិ ដែលមានអ្នកគាំទ្រយ៉ាងច្រើនកុះករនៅក្នុងស្ទីឌីយោរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍នេះ កីឡាករ នី សុភី ត្រូវប៉ះកីឡាករថៃឈ្មោះ Yorth Phuluong ដែលជាកីឡាករវ័យក្មេង ហើយជើងខ្លាំង។ ការប្រកួតនេះម្នាក់ៗមិនរំពឹងថា កីឡាករកម្ពុជានឹងឈ្នះដោយស្រួលនោះទេ ដោយសារតែកីឡាករថៃគឺជាជើងខ្លាំង។ ជាពិសេសក្នុងពេលដែលគេដឹងថា កីឡាករកម្ពុជា រវល់នឹងរឿងលក់ដី ច្រើនជាងការងារប្រដាល់ដូចមុននោះ។
យ៉ាងណាមិញ កីឡាករ ឡុង សុភី ឬ នី សុភី មិនធ្វើអោយអ្នកទស្សនាខកចិត្តនោះទេ ដោយសម្រុកវាយកីឡាករអោយរាប់៣ទឹកក្នុងពេលតែមួយ ហើយមួយស្នៀតចុងក្រោយ គឺក្បាច់ជង្គង់ហោះរបស់គេ គឺជាស្នៀតដែលធ្វើអោយកីឡាករថៃត្រូវរាប់ជាលើកទី៣ និងត្រូវអាជ្ញាកណ្ដាលសម្រេចបញ្ឈប់ការប្រកួត។ ម្នាក់ៗលាន់មាត់ថា នី សុភី ដ្បិតថាយូរឡើងរេញម្ដងមែន ប៉ុន្តែគូប្រកួតដែលប៉ះជាមួយគេ គឺនៅតែមិនអាចទៅរួចដដែល ដែលមានន័យថា គេនៅតែរក្សាកម្លាំងថាមពលបានល្អ។