អេ ហនុមាន ផ្តួលគូប្រទាំងវេទនា

0

ការប្រកួតយ៉ាងស្វិតស្វាញរវាងកីឡាករអេ ហនុមាន ដែលជាកូនសិស្សរបស់កីឡាករ អេ ភូថង និងកីឡាកររិន ដេវីត នៅលើសង្វៀនប៉ុស្តិ៍លេខ៥បានបង្កើតបរិយាកាសស្រែកហ៊ោរយ៉ាងកងរំពងដោយសារតែគូប្រយុទ្ឋទាំងពីវាយគ្នាទៅវិញទៅមកជក់ចិត្តពេញ៣ទឹក។ ជា លទ្ឋផល កីឡាករ អេ ហនុ បានក្លាយជាអ្នកទទួលជ័យជម្នះ ប៉ុន្តែអ្វីដែលគេសម្រេចបានក៍ត្រូវគេអះអាងថាជាលទ្ធផលបានយ៉ាងលំបាកផងដែរ។

នេះជាការប្រកួតដែលបានធ្វើឡើងក្នុងព្រឹត្តិការណ៍ប្រដាល់កំពូលជើងឯក TV5 BOXING KNOCK OUT SERIES (K-Cement) សម្រាប់ការជម្រុះជុំដំបូងពី៣២នាក់យក១៦នាក់ក្នុងសប្ដាហ៍ទី៣ បន្ទាប់ពីបានរកឃើញអ្នកឡើងទៅវគ្គ១៦នាក់៤នាក់រួចមកហើយ។ សម្រាប់បេសកកម្មប្រយុទ្ឋរដូវកាលថ្មីប្រភេទ៥៤គីឡូក្រាមថ្មីនេះ មានកីឡាករ ៣២រូបដូចគ្នានឹងមុនដែរ ដោយជុំទី១នឹងជម្រុះយកតែ១៦រូបចូលតង់ទី២។ជើងថ្មី២រូប ត្រូវគេបើករេញអោយវាយប្រតាយប្រតប់គ្នា ដោយអ្នកទាំងពីត្រូវគេឃើញវាយប្រតាយប្រតប់គ្នាយ៉ាងទាក់ទាញ រហូតធ្វើឲ្យអ្នកមើលស្រែកហ៊ោហើយខ្លះអង្គុយមិនស្ងៀម។

រិន ដេវីត ដែលប្រកួតបាន ២០ដងឈ្នះ១៥ ចាញ់៥ គឺជាអ្នកប៉ះជាមួយកីឡាករ អេ ហនុមាន មកពីក្លិបអេភូថងដែលមានប្រវត្តិប្រកួតបាន១៨ដង ឈ្នះ ១០ ចាញ់ ៦ និងស្មើ ២។ ផ្អែកតាមការស្ទាបស្ទង់អ្នកទស្សនា១០០ ទាំង១០០ទាយថាដេវីតឈ្នះ ដោយសារសម្អាងថាគេសម្បូរតិចនិចជាង ស្របគ្នាដែលបទពិសោធន៍ប្រកួតរបស់កីឡាកររូបនេះ ក៍ច្រើនជាង។ ផ្ទុយពីការគិតទុក ដេវីត បានត្រឹមតែខំប្រើស្នៀតគុនល្អៗ ដើម្បីការពារខ្លួនចំពោះការវាយបុកពីសំណាក់ដៃគូប៉ុណ្ណោះ ទើបបណ្ដាលអោយ កីឡាករ ហនុមាន ឈ្នះដោយពិន្ទុនៅចុងបញ្ចប់។ ជ័យជម្នះរបស់ជើងថ្មីរូបនេះធ្វើឲ្យគេស្រឡាំងកាំងមិនតិចទេ ខណៈដែលការសោកស្តាយចំពោះការបាត់ឱកាសរបស់ កីឡាករ ដេវីតក៍មានច្រើន។

ក្រោយជ័យជម្នះ កីឡាករ ហនុមានសន្យាថានឹងខំប្រយុទ្ឋឲល្អជាបន្តទៀតនៅជុំទី២ ដើម្បីបន្តឱកាសបានឡើងទៅកាន់វគ្គ៨នាក់ស្របតាមក្ដីស្រម៉ៃ។