នៅទីបំផុតការប្រកួតអន្តរជាតិដែលបសនធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យ ទី៣ មីនា មុននេះ កីឡាករកម្ពុជា ពុទ្ធ រិទ្ធី មកពីក្លិបពុទ្ធសេរីវង្សខណ្ឌពោធិសែនជ័យ បានយកឈ្នះលើកីឡាករថៃ Mee Chhuok ដែលជាជើងខ្លាំងដូចការគ្រោងទុក។ គេបានបំបាក់កីឡាករថៃអោយបោះបង់ការប្រកួតក្នុងទឹកទី៣ ខណៈដែលកីឡាករថៃដែលមានថ្វីដៃប្រកួតមិនធម្មតា ក៏ទទួលស្គាល់បរាជ័យ។
ការប្រកួតរវាងកីឡាករទាំងពីរនេះ គឺជាជំនួបលើកទី១ បន្ទាប់ពីភាគីម្ខាងៗអួតថាខ្លាំងរៀងខ្លួន ហើយចង់ប៉ះគ្នា។ លោកថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃអោយមក បានសន្និដ្ឋានថា កីឡាករ Mee Chhuok បើប៉ះ ពុទ្ធ ឆាយរិទ្ធី នឹងឈ្នះដោយមិនពិបាក ទើបគណកម្មការកម្ពុជាសមហរេចអោយកីឡាករទាំងពីរប្រកួតគ្នា ក្នុងពេលដែលភាគីខាងពុទ្ធ ឆាយរិទ្ធី ក៏មានទំនុកចិត្ត ហើយចង់ប៉ះប្រកួត។ អ៊ីចឹងហើយទើបការប្រកួតនេះ ទទួលបានការចាប់អារម្មណ៍តាំងពីពេលប្រកាសថាផ្គូរផ្គងអោយប៉ះគ្នា។
កីឡាករកម្ពុជា ធ្វើអោយអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង ក្នុងពេលដែលគេបើកប្រកួតជាមួយថៃ ហើយមិនអាចអោយថៃវាយចូលបានដូចការគ្រោងទុក។ ការប្រកួតត្រូវបានធ្វើឡើងតែ៣ទឹកប៉ុណ្ណោះ ក៏ត្រូវបញ្ចប់ដោយសារតែ ពុទ្ធ ឆាយរិទ្ធី បានវាយអោយបាក់ជន្ទល់ខាងក្រោម ហើយឈានដល់បោះបង់ការប្រកួតដោយប្រកែកមិនបាន។ កីឡាករថៃទទួលស្គាល់ថាខ្លួនពិតជាចាញ់ការប្រកួត តែគេបានប្រកាសតាមរយៈអ្នកបកប្រែថា គេនឹងត្រៀមខ្លួនសងសឹកក្នុងពេលដ៏ខ្លី។