រត់ទៅធ្វើព្រូឡានអស់៣ឆ្នាំ ត្រលប់លើសង្វៀនវិញ សន្លប់ក្នុងទឹកទី២

0

កាលពីថ្ងៃទី ២ កុម្ភៈ សង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥មិនបានបន្តការប្រកួតជម្រុះជើងឯកដូចសព្វដងនោះទេ ដោយសារតែទើបតែជ្រើសបានកីឡាករ៤រូបអោយឡើងប្រកួតយកលេខ១ លេខ២ លេខ៣ និងលេខ៤ ហើយតម្រូវអោយបេក្ខភាពទាំង៤រូបសម្រាកមួយសប្ដាហ៍ ដើម្បីអោយសន្សំកម្លាំងអោយបានល្អសម្រាប់ការប្រកួត១ភាគ៤នៅសប្ដាហ៍ក្រោយ។ កីឡាករ៥គូត្រូវគេអោយឡើងប្រកួតមិត្តភាពជាមួយគ្នា ខណៈដែលក្នុងចំណោមនោះគេឃើញវត្តមានកីឡាករបង្គោលក្រហម កៀន ធារ៉ា ដែលសារភាពថាបានរត់ទៅធ្វើព្រូឡានអស់៣ឆ្នាំ បានសន្លប់ក្នុងទឹកទី៣ ក្នុងពេលដែលគេសម្រេចចិត្តឡើងរេញជាថ្មី។
ការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥នៅព្រែកកំពិសនោះ កីឡាករ កៀន ធារ៉ា បានសារភាពថាលោកបានប្រឡូកអាជីពប្រដាល់ប្រមាណជាមួយរយៈមកហើយ ដោយកាលពី៣ឆ្នាំមុន លោកក៏ត្រូវគេកត់សម្គាល់ថាជាកីឡាករល្អមួយរូបផងដែរ ប៉ុន្តែដោយសារតែការប្រដាល់មិនអាចអោយលោកមានជីវភាពល្អបាន ទើបលោកសម្រេចចិត្តឈប់ប្រកួតហើយរត់ទៅធ្វើជាព្រូឡានមកទល់នឹងសព្វថ្ងៃ។ យ៉ាងណាមិញ ដោយសារតែការស្រឡាញ់ និងចង់កសាងកេរ្តិ៍ឈ្មោះជាថ្មី ទើបលោកត្រលប់មកវិញ ដោយមុនប៉ះប្រកួតជាមួយកីឡាករបង្គោលខៀវ ឆោម ប៊ុនឡុង នៅប៉ុស្ដិ៍លេខ៥នោះ គឺលោកធ្លាប់បានប្រកួតបានមួយលើកហើយនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍។ លោកថាខ្លួនទើបតែចាប់ផ្ដើមហ្វឹកហាត់បានមួយរយៈខ្លីប៉ុណ្ណោះ មុនពេលគ្រូបង្វឹកសម្រេចអោយឡើងរេញម្ដងទៀត ព្រោះតែចង់កសាងកេរ្តិ៍ឈ្មោះក្រោយបាត់មុខ។ ការប្រកួតនៅក្នុងថ្ងៃនោះ គេឃើញលោកប្រឹងប្រែងបញ្ចេញសមត្ថភាពយ៉ាងអស់ពីសមត្ថភាព ប៉ុន្តែលទ្ធផលបានត្រឹមតែទៅមិនរួចជាមួយកីឡាករ ឆោម ប៊ុនឡុង ប៉ុណ្ណោះ ព្រោះតែកីឡាករបង្គោលខៀវ ឆោម ប៊ុនឡុង វាយសម្រុកបានល្អ ហើយគេមានសន្ទុះដៃជើងល្អជាង។
លោក សេង កដិកា និយាយថា កាលពី៣ឆ្នាំមុនកីឡាករ កៀន ធារ៉ា មិនមែនបែបហ្នឹងនោះទេ ដោយគេប្រកួតបានល្អ ហើយមានថ្វីដៃគួរអោយសរសើរនោះផង។ លទ្ធផលសន្លប់ក្នុងទឹកទី២ ក្រោមដៃគូប្រកួត លោកគឺជារឿងមិនចម្លែកនោះទេ ដោយសារតែកីឡាករបង្គោលក្រហមបោះបង់ការប្រកួតរហូតដល់៣ឆ្នាំ ដែលលោកបញ្ជាក់ថាបើទោះជាគេប្រឹងប្រែងហ្វឹកហាត់មួយរយៈចុងក្រោយ ក៏មិនទាន់អាចរស់សរសៃដូចដើម។ លោកថាគេត្រូវការការប្រកួតតែមួយរយៈទៀត នៅកម្លាំង និងបច្ចេកទេសនឹងត្រលប់មកវីញជាបណ្ដើរហើយ ក្នុងពេលដែលការវិលត្រលប់របស់គេលើកនេះ គឺមិនស្ថិតក្នុងវ័យជ្រុល និងមិនទាន់ហួសពេល។ លោកប្រកាសបន្តផ្ដល់ឱកាសអោយកីឡាករ កៀន ធារ៉ា ឡើងរេញអោយបានញឹកញាប់ ដើម្បីជួយអោយកីឡាកររូបនេះមានកេរ្តិ៍ឈ្មោះបោះសំឡេងជាថ្មី ក្នុងពេលដែលគេប្រកាសតាំងចិត្តចង់ចាប់អាជីពប្រដាល់ជាថ្មីនោះ។
កីឡាករ កៀន ធារ៉ា និយាយថា លោកសម្រេចចិត្តត្រលប់ចូលប្រដាល់ បន្ទាប់ពីទើបតែរកការងារបានធ្វើជាអ្នកបម្រើការក្នុងឃ្លាំងមួយនៅម្ដុំបឹងទំពុន ដែលលោកយល់ថាមានពេលហ្វឹកហាត់បានល្អជាងកាលដែលលោកនៅធ្វើជាព្រូឡានយ៉ាងលំបាក។ យ៉ាងណាមិញ លោកថាមុនពេលសម្រេចចិត្តបោះបង់ការប្រកួតនៅក្នុងព្រឹត្តិការណ៍ TV5 Boxing Out Series By K-Cement នេះ រូបលោកក៍ប្រឹងប្រកួតអស់ពីសមត្ថភាពនោះដែរ៕