ខណៈគេថា រឿង សារ័ត្ន ខ្លាំង ភាគីថៃថា ជារឿងភ្លាត់ស្នៀត

0

គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ដែលការប្រកួតអន្តរជាតិកាលពីថ្ងៃទី៣ កុម្ភៈ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករកម្ពុជារឿង សារ័ត្ន ស្រាប់តែអាចវាយអោយ កីឡាករថៃ Soeur Suon ដែលត្រូវគេស្គាល់ថាជាជើងខ្លាំងម្នាក់ បោះបង់ការប្រកួតក្នុងទឹកទី៤។ ជ័យជម្នះរបស់លោកបានធ្វើអោយម្នាក់ៗសរសើរថាលោកជាកីឡាករមិនធម្មតា ខណៈដែលអ្នកគាំទ្រភាគីថៃបែរជាអះអាងថា ដោយសារតែកីឡាករថៃជិះឡានផ្លូវឆ្ងាយ ហើយមិនសូវស៊ាំនឹងការដេកពួន និងរបបអាហារនៅកម្ពុជាប៉ុណ្ណោះ ទើបចាញ់យ៉ាងអាម៉ាសបែបនឹង។
អ្នកគាំទ្រភាគច្រើនបានត្រឹមតែរំពឹងថាកីឡាករកម្ពុជា នឹងស្មើ ឬឈ្នះដោយពិន្ទុប៉ុណ្ណោះ ប៉ុន្តែបើអោយឈ្នះដោយវាយអោយកីឡាករថៃសន្លប់បែបនេះគឺមិនជារឿងភ្ញាក់ផ្អើល។ ស្របគ្នាដែលទឹកទី១ និងទឹកទី២ កីឡាករថៃបញ្ចេញសមត្ថភាពវាយចេញបានល្អ ហើយធ្វើអោយរឿង សារ័ត្ន ពិបាកក្នុងការវាយលុកផង ទើបអ្នកគាំទ្ររឹតតែមិនហ៊ានសង្ឃឹមច្រើន។ យ៉ាងណាមិញ អាចថាជារឿងសំណាងផងដែរ ដែលក្នុងទឹកទី៣ កីឡាករកម្ពុជាវាយត្រូវចុងដង្ហើមរបស់ថៃ ហើយបណ្ដាលអោយថៃត្រូវរាប់ម្ដងភ្លាមៗ ដែលធ្វើអោយកីឡាករកម្ពុជាកាន់តែមានកម្លាំងចិត្ត។ សម្អាងលើកីឡាករថៃបាក់កម្លាំងក្រោយរាប់មួយលើក កីឡាករ រឿង សារ័ត្ន វាយសម្រុកភ្លាមៗបណ្ដាលអោយកីឡាករថៃរាប់ម្ដងទៀតភ្លាមៗ ហើយបច្ចេកទេសទាក់ចំក្រោមចង្ការរបស់លោកគឺប៊ិះនឹងធ្វើអោយកីឡាករថៃត្រូវរាប់ម្ដងទៀត ប៉ុន្តែសំណាងដល់ម៉ោងសម្រាកទាន់។ យ៉ាងណាមិញ ក្នុងទឹកទី៤ កីឡាករកម្ពុជានៅតែបន្តវាយសម្រុកបានល្អ ដោយចាប់ផ្ដើមធាក់ផ្ងើយចង្ការបស់កីឡាករថៃម្ដងជា២ដង រហូតធ្វើអោយកីឡាករថៃត្រូវរាប់ជាលើកទី៣ ហើយឈានដល់ការបោះបង់ការប្រកួតតែម្ដង។
កីឡាករ រឿង សារ័ត្ន សប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានយកឈ្នះ ប៉ុន្តែក៏ត្រូវបានអ្នកដឹកនាំកីឡាករថៃមកប្រកួត បញ្ជាក់ថាគឺឈ្នះដោយសារតែកីឡាកររបស់ខ្លួនជិះឡានផ្លូវឆ្ងាយ ហើយដេកមិនលក់ស្រួល ដែលបណ្ដាលអោយគេពិបាកប្រមូលលកម្លាំងសម្រាប់ការប្រកួតនោះតែប៉ុណ្ណោះ។ អ៊ីចឹងហើយទើបអ្នករៀបចំការប្រកួតប្រកាសថានឹងអោយអ្នកទាំងពីរប៉ះគ្នាជាលើកទី២ក្នុងពេលឆាប់ៗ ដើម្បីកុំអោយភាគីម្ខាងប្រកាសថាជារឿងភ្លាត់ស្នៀត ក្នុងពេលដែលភាគីខាងកម្ពុជាសរសើរថារឿង សារ័ត្ន មិនធម្មតា៕