ខណៈអេ រដ្ឋា នៅតែធ្ងន់ ក្រោយរថយន្តកិន! បឺត សង្ឃឹម យកកៅអី៤នាក់ស្រួលមិនបាច់ប្រឹង

0

ខុសពីកីឡាករផ្សេងទៀតដែលទម្រាំតែបានឡើងអង្គុយកៅអីទៅប្រកួតវគ្គបន្តម្ដងៗ គឺស្ទើរតែប្ដូរជីវិតយ៉ាងលំបាក កីឡាករ បឺត សង្ឃឹម បែរជាត្រូវបានប៉ុស្ដិ៍លេខ៥ប្រគល់កៅអី៤នាក់ដែលជាវគ្គឡើងប្រកួតសំខាន់ដោយមិនពិបាក ដោយសារតែ កីឡាករ អេ រដ្ឋា ដែលត្រូវរថយន្តកិនកាលពីប៉ុន្មានថ្ងៃមុន នៅតែមានសភាពធ្ងន់ធ្ងរ។ លោក អេ ភូថង គ្រូបង្វឹករបស់កីឡាករនេះ បញ្ជាក់ថា ជារឿងសោកស្ដាយខ្លាំងណាស់ ដែលក្នុងព្រឹត្តិការណ៍ TV5 Knockout Series By K-Cement របស់ប៉ុស្ដិ៍លេខ៥ កូនសិស្សបោះបង់ឱកាសឡើងទៅ៤នាក់ ដោយសូម្បីតែកូនសិស្សរបស់ខ្លួនតែម្ដង ក៏មិនអាចទទួលយកបាន។

លោក អេ ភូថង និយាយថា ការប្រកួតនៅប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី១៩ មករា កីឡាករ បឺត សង្ឃឹម និងកីឡាករ អេ រដ្ឋា ត្រូវឡើងបប្រកួតគ្នា ប៉ុន្តែដោយសារតែកូនសិស្សបស់លោកជួបរឿងគ្រោះថ្នាក់ចរាចរណ៍ ហើយមិនទាន់បានធូរនៅឡើយទេ ទើបធ្វើអោយគេបាត់បង់ឱកាស។ លោកថា កូនសិស្សរបស់លោក ដេកយំំរាល់ថ្ងៃនៅពេលនឹកដល់ការប្រកួតដណ្ដើមកៅអីវគ្គ៨នាក់យក៤នាក់ ហើយបែរជាត្រូវឡើងប្រកួតមិនបាន ក្នុងពេលដែលគេស្រម៉ៃចង់ឡើងទៅវគ្គ៤នាក់ តាំងពីពេលមានឈ្មោះចូលប្រកួតជ្រើសរើសជើងឯកកាលពី៣២នាក់ដំបូង។

លោកថាអេ រដ្ឋា គឺជាកូនកំព្រាដែលលោកយកមកចិញ្ចឹម ហើយស្ថានភាពដែលគេបានធូរស្រាលក្នុងប៉ុន្មានថ្ងៃចុងក្រោយ គឺព្រោះតែមានសំណាងត្រូវបានសប្បុរសជនច្រូងច្រាងជួយគ្នា ដែលជួយអោយគេអាចមានថវិកាមួយចំនួនប៉ុណ្ណោះ។ លោកនៅតែសម្ដែងការសោកស្ដាយ ដែលកូនសិស្សរបស់លោកប្រឹងប្រែងតស៊ូតាំងពីវគ្គជម្រុះ៣២នាក់ ប៉ុន្តែនៅពេលមានមុខឡើងប្រកួតយកកៅអី៤នាក់ បែរជាមានរបួសមិនអាចឡើងរេញបាន ហើយប្រគល់កៅអី៤នាក់ដែលបេក្ខភាពរូបណាក៏ចង់បាន ទៅអោយ បឺត សង្ឃឹម ដោយស្វ័យប្រវត្តិ។ លោក មិនទាន់ដឹងថាអេ រដ្ឋា នឹងអាចបន្តការបប្រកួតនៅលើសង្វៀនបានក្នុងពេលខាងមុខ ឬមានបញ្ហាសុខភាពបែបនេះរហូតនោះទេ ក្នុងពេលដែលលោកក៏មិនមានលទ្ធភាពយកគេទៅព្យាបាលអោយដិតដល់ផង។

ការប្រកួតដែលអវត្តមានកីឡាករ អេ ភូថង នៅក្នុងថ្ងៃនោះ កីឡាករ បឺត សង្ឃឹម ដ្បិតថាទទួលបានឱកាសឡើងអង្គុយកៅអី៤នាក់ដោយស្វ័យប្រវត្តិ ប៉ុន្តែគេក៏ត្រូវប៉ុស្ដិ៍លេខ៥ផ្គូរផ្គងអោយប្រកួតមិត្តភាពជាមួយកីឡាករ ស៊ឹម ប៊ុនឆៃ ដើម្បីកុំអោយស្ងាត់រេញផងដែរ ដោយត្រូវប្រកួត៥ទឹកពេញ ហើយលទ្ធផលចុងក្រោយ កីឡាករ បឺត សង្ឃឹម គឺជាអ្នកឈ្នះពិន្ទុ អ៊ីចឹងហើយទើបមានអ្នកគាំទ្រភាគច្រើនយល់ថាបើ អេ រដ្ឋា មិនមានគ្រោះថ្នាក់ហើយមានរបួសទេ ក៏ទំនឹងជាមិនអាចស៊ីកីឡាករបឺត សង្ឃឹមបានដែរ៕