តុប បញ្ញាសវនា លេចធ្លោរខ្លាំង នៅក្នុងការប្រកួត នៅប្រទេសចិន

0

មិនរាប់បញ្ចូលលទ្ធផលដែលក្រុមកម្ពុជាប្រកួតឈ្នះលើវិញ្ញាសារក្រុម កីឡាការិនីកូនខ្មែរ តុប បញ្ញាសវនា ដណ្ដើមបានមេដាយមាសរហូតដល់៣គ្រឿងតែម្នាក់ឯងតែម្ដង សម្រាប់វិញ្ញាសារទោល នៅក្នុងការប្រកួតអន្តរជាតិ ដែលទើបបានបញ្ចប់នៅក្នុងប្រទេសចិនមុននេះ(១៣_១៤ កញ្ញា ឆ្នាំ២០២៥) នៅក្នុងព្រឹត្តិការណ៍ការប្រកួតស្គីទឹកកក ISIAsia ដែលបានធ្វើឡើងនៅទីក្រុងសិនជិន មុននេះ។

មេដាយមាសដែលនាងដណ្ដើមបាន លើវិញ្ញាសារទោលរួមមាន វិញ្ញាសាផ្នែកសមត្ថភាពផ្ទាល់ខ្លួន (Solo Compulsorry) 1st place មេដាយ , វិញ្ញាសារ ផ្នែកសិល្បៈក្នុងការរាំ (Artist) 1St Place មេដាយមាស និង វិញ្ញាសារ ផ្នែកបច្ចេកទេសក្នុងការហក់ លោត និង បង្វិលខ្លួន (Technical) 1St place មេដាយមាស ដែលមេដាយមាសទាំងនេះ បានជួយអោយក្រុមកម្ពុជាឈ្នះមេដាយកើនដល់១៩គ្រឿង បើទៅជាក្រុមកម្ពុជាមានគ្នាតែ៨នាក់។

លទ្ធផលនេះ ក៏ធ្វើអោយកីឡាការិនីក្មេង តុប បញ្ញាសវនា ត្រូវបានក្រសែភ្នែកអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង ផងដែរ ក៏ព្រោះតែនាងបានជួយអោយកម្ពុជាអាចលើកទង់ជាតិបានច្រើនដងបន្ថែមទៀតយ៉ាងមោទនភាព ក្នុងចំណោមកីឡាករកីឡាការិនីមកពីទូទាំងពិភពលោក ជាពុសេសបណ្ដាប្រទេសមកពីអាស៊ី។

នៅក្នុងការប្រកួតនោះ កម្ពុជាក៏ទទួលបានជ័យលាភីជាក្រុមដែលមានពិន្ទុច្រើន (Team Championship Reward 3rd Round up និង 4th place ដោយប្រៀបធៀបនឹងប្រទេសចិន ដែលមានកីឡាករកីឡាការិនីជាង១០០នាក់ តែក្រុមកម្ពុជាគឺមានគ្នាតែ៨នាក់សោះ ក៏ទទួលបានមេដាយមាសរហូតដល់ ១៩គ្រឿង ប្រាក់៤គ្រឿង និង សំរិទ្ធិមួយគ្រឿង ខណៈដែលកីឡាការិនី តុប បញ្ញាសវនា ទទួលបាន៣គ្រឿងម្នាក់ឯងលើវិញ្ញាសារទោល នៅក្នុងការប្រកួត។

គួរបញ្ជាក់ផងដែរថា កីឡាការិនី តុប បញ្ញាសវនា មានវ័យ២០ឆ្នាំ ជានិស្សិតឆ្នាំទី៣ ផ្នែកនិតិសាស្ត្រ ដែលមានស្នាដៃឈ្នះមេដាយក្នុងស្រុករាប់មិនអស់រួចទៅហើយ នៅក្នុងវិស័យកីឡាមួយនេះ មុនក្លាយជាកីឡាការិនីយ៉ាងលេចធ្លោរនៅក្នុងទីលានអន្តរជាតិដ៏ធំនាពេលនេះ។

ក្រោយជួយអោយកម្ពុជា ទទួលបានមេដាយមាសកើនដល់១៩គ្រឿងនៅក្នុងការប្រកួត បានធ្វើអោយនាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបណ្ដាញសារព័ត៌មាននៅក្នុងប្រទេសចិន ក៏ឃើញសម្ភាសន៍ និង ចុះផ្សាយពីស្នាដៃនាងផងដែរ ព្រោះតែភាពលេចធ្លោរ។

កូនសិស្សរបស់ លោក សេន ប៊ុនធឿន ដែលជាគ្រូបង្វឹករូបនេះ ថ្លែងក្រោយទទួលបានមេដាយមាសថា សុបិន្តដ៏ខ្ពស់របស់ខ្ញុំ គឺនាំអោយប្រទេសកម្ពុជាយើង ឡើងឈរលើវេទិកាពិភពលោកក្នុងវិស័យស្គីទឹកកក (Ice Figure Skating) និងបង្ហាញពិភពលោកអោយឃើញថា ប្រទេសយើងក៏មានអ្នកជិះស្គី ដែលពោរពេញដោយចិត្តស្រលាញ់ ចំណង់ចំណូលចិត្ត និង ការប្ដេជ្ញាចិត្ត ដែលសមនឹងទទួលបានក្ដីស្រលាញ់ ការគាំទ្រ និង មោទនភាពពីជាតិសាសន៍របស់យើង។