បន្ទាប់ពីបានបង្កើតកម្មវិធីអាហារសាមគ្គី ដើម្បីស្វែងរកមូលនិធិ និង គៀងគរជំនួយដើម្បីផ្ដល់លទ្ធភាពអោយបងប្អូនជាកីឡាករកីឡាការិនី បានចេញទៅប្រកួតនៅក្នុងប្រទេសចិន ពេលនេះ ក្រុមកីឡាបាល់បោះរទេះរុញជនពិការកម្ពុជា (CWBF) បានចាកចេញទៅប្រកួតនៅក្នុងប្រទេសចិនដូចការគ្រោងទុកហើយ ដោយបានធ្វើដំណើរចាកចេញទៅប្រកួតបាល់បាល់បោះរទេះរុញ នៅក្នុងប្រទេសចិន កាលពីព្រឹកថ្ងៃទី១៩ មិថុនា មុននេះ។ ការចាកចេញជាក្រុមនេះ គឺដើម្បីចូលរួមប្រកួតជើងឯក 3×3 AOZ Championships ចាប់ពីថ្ងៃទី19 -23 ខែមិថុនា ឆ្នាំ2025។
លោកជំទាវ ម៉ែន នារីវុឌ្ឍី និង ឯកឧត្តម តាំង សុខឃី ដែលបានរួមចំណែក ជ្រោមជ្រែងអោយមានកម្មវិធីអាហារសាមគ្គីនាពេលកន្លងមក និង បានគៀងគរសប្បុរសជន អោយផ្ដល់ជាមូលនិធិ បានបង្ហាញនូវការសាទរយ៉ាងខ្លាំង ដែលក្រុមកីឡាករកីឡាការិនីជាជនពិកាលើរទេះរុញមួយនេះ មានលទ្ធភាពបានចេញទៅប្រកួតក្រៅស្រុកតាមគម្រោង ខណៈដែលនាពេលកន្លងមក នេះគឺជាបន្ទុកមួយដ៏ធំ ដែលសហព័ន្ធពិបាកក្នុងការបញ្ជូនកីឡាករអោយបានចេញប្រកួត ដោយសារតែរាល់ការចេញប្រកួតម្ដងៗ គឺត្រូវចេញជាក្រុម ហើយការចំណាយក៏ខ្ពស់។
លោកជំទាវ ម៉ែន នារីវុឌ្ឍី បានផ្ដាំផ្ញើតាមរយៈ ផ្ទះតារា ថា នេះគឺជាការលើកទឹកចិត្តមួយធំណាស់ ដើម្បីអោយក្មួយជាជនពិការ ហើយស្ថិតនៅក្នុងវិស័យកីឡាបាល់បោះលើរទេះរុញ បានចេញតំណាងប្រទេស នៅក្នុងការប្រកួតដែលមានការអញ្ជើញអោយទៅតំណាងប្រទេសក្នុងនាមជាកម្ពុជា។
លោកជំទាវទទូចអោយសប្បុរសជន បន្តជួយដល់សហព័ន្ធមួយនេះបន្ថែមទៀត ដើម្បីបញ្ជៀសកង្វះខាតណាមួយ ពិសេសនៅពេលក្រុមកីឡាករត្រូវការថវិកាដើម្បីចេញទៅប្រកួតនៅក្រៅស្រុកម្ដងៗ។
ដូចគ្នា ឯកឧត្តម តាំង សុខឃី អគ្គនាយកក្រុមហ៊ុន ឃីចិន្តា ឌីវើឡុបមិន ក៏បានបញ្ជាក់តាមរយៈផ្ទះតារាផងដែរថា ប្អូនៗជាជនមានពិការភាព តែមានសមត្ថភាពអាចដណ្ដើមមេដាយ និង ចេញប្រកួតក្នុងនាមតំណាងអោយកម្ពុជា ដើម្បីជាមុខមាត់របស់កម្ពុជាបាន ដូច្នេះក្នុងនាមឯកឧត្តម ដែលបានជ្រោមជ្រែងអោយមានកម្មវិធីអាហារសាមគ្គីរ៉ៃអង្គាសថវិកាកាលពីមុនឡើងយន្តហោះ មានតែសប្បាយចិត្ត ដែលក្រុមក្មួយៗកីឡាករបានចេញទៅជាក្រុមជុំគ្នា ហើយក្នុងនាមជាសប្បុរសជន និង ជាអ្នកលើកទឹកចិត្ត នឹងបន្តជួយជំរុញបន្ថែមទៀត តាមតែអ្វីដែលអាចធ្វើបាន ដើម្បីអោយសហព័ន្ធកីឡាបាល់បោះរទេះរុញជនពិកាកម្ពុជា កាន់តែមានលទ្ធភាពថែមទៀត ដើម្បីផ្ដល់ឱកាសអោយប្អូនៗ ក្មួយៗ បានបន្តនាំយកជ័យជម្នះ និង កិត្តិយសជូនជាតិ អោយបានកាន់តែច្រើន តាមរយៈការចេញប្រកួតទាំងក្នុង និង ក្រៅស្រុក។
នេះក៏បង្ហាញថា ថ្វីត្បិតែប្អូនៗ ក្មួយៗ គឺជាជនមានពិការភាពក៏ពិតមែន តែក៏ជាកោសិកាដ៏គួរអោយគោរព និង លើកទឹកចិត្តពីគ្រប់មជ្ឈដ្ឋាន ផងដែរ។ ឯកឧត្តម មានតែការជូនពរអោយ ក្រុមអត្តពលិករបស់កម្ពុជាទទួលបានជោគជ័យ និង នាំយកមេដាយអោយបានកម្រិតខ្ពស់ ក្រោយពេលត្រលប់ពីចិនមកវិញ។