យោងតាមសន្និសីទសារព័ត៌មានកាលពីថ្ងៃទី 24 ខែ កុម្ភៈ ឆ្នាំ 2025 មុននេះ ក្រោមវត្តមាន លោកបណ្ឌិត ស៊ុផាឆៃ វីៈភូជុង តំណាងឱ្យស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5 សហការណ៍ជាមួយនឹង សហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលមានឯកឧត្តម ខូវ ឆាយ ជាប្រធាន, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ព្រមទាំងតំណាងក្រុមបាល់ទាត់ ខ្មែរ-ថៃ បានប្រកាសជាផ្លូវការអំពីព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាព កម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍លើកទី75 នៃការបង្កើតទំនាក់ទំនងការទូតរវៀង ព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ដែលនឹងត្រៀមប្រារព្ធធ្វើឡើងនៅថ្ងៃទី 08 មីនា ឆ្នាំ 2025 ឆាប់ៗខាងមុខនេះ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក។
លោកបណ្ឌិត ស៊ុផាឆៃ វីៈភូជុង បានថ្លែងឱ្យដឹងពីគោលបំណងនៃកម្មវិធីនេះថា ‘’ ការប្រកួតកីឡាបាល់ទាត់មិត្តភាព ខ្មែរ-ថៃ អបអរខួបអនុស្សាវរីយ៍លើកទី75 នៃការបង្កើតទំនាក់ទំនងការទូតរវៀង ព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ នេះផងដែរត្រូវបានសម្រេចដាក់ឈ្មោះថាជា « ពានរង្វាន់សតវត្សរ៍នៃព្រះធម៌ »។ ‘’
ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរលោកបានបញ្ជាក់ថា មហាព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះផងដែរក៏នឹងក្លាយទៅជាប្រវត្តិសាស្ត្រមួយដ៏គួរឱ្យចងចាំនៅក្នុងវិស័យកីឡានៅក្នុងតំបន់អាស៊ានទាំងមូល ថ្វីបើការប្រកួតលើកនេះគឺជាលក្ខណៈមិត្តភាព មិនសម្រុកយកចាញ់ឈ្នះ កីឡាករទាំងពីរភាគី ខ្មែរ-ថៃ គឺលេងបែបបច្ចេកទេស គោរពគោលការណ៍ តាមជំនាញរៀងៗខ្លួន ពីព្រោះជាធម្មតាការប្រកួតតែងតែមានចាញ់មានឈ្នះ និង មិនមានការរៀបចំឱ្យខាងភាគីណាចាញ់ឬឈ្នះ ដាក់ពិន្ទុដោយយុត្តិធម៌ ដើម្បីបង្កើតវប្បធម៌សន្តិភាព និង រឹតចំណងមេត្រីភាពតាមរយៈវិស័កីឡា ដោយបញ្ជ្រៀតជាមួយនឹងមាគ៌ាព្រះធម៌ ពុទ្ធឱវាទ ក្នុងនាមជាពុទ្ធសាសនិករួមសាសនាតែមួយ។
គួរបញ្ជាក់ផងដែរថាមហាព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាព កម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍លើកទី75 នៃការបង្កើតទំនាក់ទំនងការទូតរវៀង ព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ មានចំនួន2ប្រកួត ក្នុងនោះរួមមាន៖ ក្រុមបាល់ទាត់តារាកម្ពុជា ត្រញវប្រកួតជាមួយនឹង ក្រុមបាល់ទាត់តារាថៃ ហើយ ក្រុមបាល់ទាត់គុនខ្មែរ ក៏នឹងត្រៀមប្រកួតជាមួយនឹងក្រុមបាល់ទាត់ MUAYTHAI ដែលត្រូវបានថ្នាក់ដឹងនាំបង្ហើបថា សុទ្ធសឹងតែជាសមាភាពតារាល្បីៗ រួមទាំងកីឡាករជើងខ្លាំងចូលខ្លួនមកប្រកួតទាំងខ្មែរ និង ថៃ តែម្ដង។



















